ក្រសួងអប់រំបានបញ្ចប់ទាំងស្រុងនូវកំណែកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

0

ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យ​ដឹង​នា​ល្ងាច​ថ្ងៃ​ទី​១៧ ខែតុលា​នេះ​ថា ដំណើរការ​កំណែ​មុខ​វិជ្ជា​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅ​ថា​បាក់​ឌុ​ប សម័យ​ប្រឡង​៖ ០៨ តុលា ២០២៤ ត្រូវ​បាន​បញ្ចប់​ទាំងស្រុង​ហើយ​នា​ពេល​នេះ​។

កំណែ​សំ​ណេ​រ​របស់​បេក្ខជន​ប្រឡង​បាក់​ឌុ​ប​ប្រព្រឹត្ត​ទៅ​យ៉ាង​ប្រុង​ប្រយ័ត្ន និង​តឹងរ៉ឹង​ក្រោម​ការ​បំពេញភារកិច្ច​យ៉ាង​សកម្ម និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ពី​ប្រធាន អនុប្រធាន​មណ្ឌល​កំណែ គណៈកម្មការ​ទាំងអស់ ព្រមទាំង​ការ​ចូលរួម​សង្កេតការណ៍​ជា​ប្រចាំ​ពី​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។

ក្រោយ​ពី​បញ្ចប់​កំណែ ប្រធាន អនុប្រធាន​មណ្ឌល​ទាំងអស់ បាន​ដឹក​សន្លឹក MCS និង​ឯកសារ​ផ្សេង​ៗ​មក​រក្សា​ទុក​នៅ​អគារ​រដ្ឋបាល​ចៅពញា​ហុ​ក​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ចាប់ផ្ដើម​រៀបចំ​ដំណើរការ​ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ​។ ដោយឡែក​សន្លឹក​កិច្ចការ​របស់​បេក្ខជន ត្រូវ​បាន​ដឹក​មក​រក្សា​ទុក​នៅ​សាលា​បឋម​សិក្សា​ចៅពញា​ហុ​ក​។

គួរ​បញ្ជាក់​ថា​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូម​ប្រព្រឹត្ត​ទៅ​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​០៨ និង​០៩ ខែតុលា ឆ្នាំ​២០២៤​។ ចំពោះ​ដំណើរការ​កំណែ​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៤​។ សម្រាប់​ដំណើរការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ផ្ទៀងផ្ទាត់​ពិន្ទុ​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៤​។ ទន្ទឹម​នឹង​នេះ ក្រសួង​បាន​កំណត់​យក​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៤ ពេល​រសៀល សម្រាប់​ការ​ប្រកាស​លទ្ធផល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល និង​នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៤ សម្រាប់​ខេត្ត​ផ្សេង​ៗ​នៅ​ទូ​ទាំង​ប្រទេស​៕