ភ្នំពេញ៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា តាមរយៈការគោះទ្វារវិនិយោគនៅអាមេរិក និងការតាំងពិព័រណ៍របស់សភាពាណិជ្ជកម្មនៅអាមេរិក ក៏ដូចជាសកម្មភាពបង្កើតឱកាសវិនិយោគរបស់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅអាមេរិករំពឹងថា ពាណិជ្ជកម្ម កម្ពុជា-អាមេរិក នឹងកាន់តែល្អប្រសើរ និងកើនឡើងថែមទៀត។
បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)បញ្ជាក់ថា កម្ពុជាទទួលបានប្រាក់ជាង ៧,៦ ពាន់លានដុល្លារពីការនាំចេញទំនិញទៅទីផ្សារអាមេរិកនៅក្នុងរយៈពេល ៩ ខែនៃឆ្នាំ២០២៤ ពោលគឺកើនជាង ១០ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ។អាមេរិកនៅតែជាប្រទេសនាំមុខគេដែលទទួលទិញទំនិញពីកម្ពុជា គឺចំនួនជិត ១ភាគ៣ នៃទឹកប្រាក់នាំចេញសរុប។
អ្នកឧកញ៉ា លឹម ហេង បានបណ្ដាញសារព័ត៌មាននៅដើមសប្ដាហ៍នេះថា « ការកើនឡើងនៃការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកនេះជាសញ្ញាណល្អមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា និងអាមេរិក។ នេះក៏អាចជាឱកាសល្អចំពេលប្រទេសមួយចំនួនក្នុងតំបន់មានអស្ថិរភាពដែលធ្វើឱ្យមានការបញ្ជាទិញពីសហរដ្ឋអាមេរិកមកកាន់កម្ពុជាកើនឡើង»។អ្នកឧកញ៉ាឃើញថាមិនត្រឹមតែការនាំចេញពីកម្ពុជាទៅអាមេរិកមានការកើនឡើងប៉ុណ្ណោះទេ តែការនាំចូលពីអាមេរិកក៏មានការកើនឡើងដូចគ្នាផងដែរ។
សំដៅទៅរកសកម្មភាពរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល នៅសហរដ្ឋអាមេរិក កាលពីពេលកន្លងទៅថ្មីៗនេះ អ្នកឧកញ៉ាគូសរំលេចថា ថ្មីៗនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានទៅទាក់ទាញវិនិយោគនៅសហរដ្ឋអាមេរិក ហើយសភាពាណិជ្ជកម្មកម្ពុជា ក៏បានទៅតាំងពិព័រណ៍ផលិតផលចំនួន២លើករួចហើយនៅទឹកដីអាមេរិក ក្នុងគោលបំណងទាក់ទាញការវិនិយោគ។
ប្រភពអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកញ្ញាកន្លងទៅការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា និងអាមេរិក មានចំនួនសរុប ៧,៨ ពាន់លានដុល្លារ កើនជាង ១០ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ដែលមានជាង ៧ ពាន់លានដុល្លារ ។ក្នុងនោះទំនិញកម្ពុជានាំទៅអាមេរិក ចំនួន ៧,៦ ពាន់លានដុល្លារ កើន ១០,៣ ភាគរយ ។ចំណែកទំនិញអាមេរិកនាំមកកម្ពុជាចំនួន ១៩៣ លានដុល្លារ កើន ៦,៧ ភាគរយ។
នៅក្នុងរយៈពេល ៩ ខែ គិតចាប់ពីខែមករា ដល់ខែកញ្ញានេះដែរ កម្ពុជាសម្រេចបានទឹកប្រាក់ជាង ១៩,៨៣ ពាន់ លានដុល្លារ ពីការនាំទំនិញចេញទៅក្រៅប្រទេស ពោលកើនឡើង ១៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានទំហំទឹកប្រាក់ ១៦,៩៤ ពាន់លានដុល្លារ។ ការនាំចេញទំនិញរបស់កម្ពុជាមានទំហំទឹកប្រាក់ ១៩,៨៣ ពាន់លានដុល្លារ កើនឡើង ១៧ភាគរយ ។ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ២១,១០ ពាន់លានដុល្លារ កើនឡើង ១៥,៩ភាគរយ។
គួររំលឹកថា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា(AmCham Cambodia) និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួប លោក Devin Barta បានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបានបង្កលក្ខណៈងាយស្រួល និងធានាបាននូវបរិយាកាសវិនិយោគល្អប្រសើរសម្រាប់ធុរកិច្ចអាមេរិក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះ ការបើកចំហ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាង ក្រសួង-ស្ថាប័ន និងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា។ លោកប្រធានសភាពាណិជ្ជកម្មបានជម្រាបជូនសម្ដេចបវរធិបតី ដោយបានបង្ហាញពីជំហរនៃការបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស (FDI)មក កម្ពុជា វិស័យធុរកិច្ច អចលនទ្រព្យ និង ការគាំទ្រដល់ស្រ្តី លើផ្នែក ភាពជាម្ចាស់នៃសហគ្រាសធុនតូច ការបណ្តុះបណ្តាល និងអភិវឌ្ឍជំនាញ និងផ្នែកហិរញ្ញវត្ថុ ជាដើម៕