កោះកុង៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លើកឡើងថា កម្ពុជាកំពុងត្រូវការប្រភពអគ្គិសនីជាង៧០ភាគរយពីថាមពលស្អាតតាមរយៈរោងចក្រឧស្ម័នធម្មជាតិ៩០០មេហ្គាវ៉ាត់ ដើម្បីស្ថិរភាពតម្លៃភ្លើង ការអភិវឌ្ឍន៍ប្រទេស និងទាក់ទាញការវិនិយោគទុនពីបរទេស។ ការលើកឡើងយ៉ាងដូច្នេះរបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិអនុភាព៩០០មេហ្គាវ៉ាត់ នៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបន្តនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានដាក់គោលនយោបាយ និងកញ្ចប់ថវិកាជាច្រើនក្នុងគោលបំណងកសាងបណ្តាញអគ្គិសនីឱ្យបានគ្រប់គ្រាន់តាមតម្រូវការទៅអនាគត ពិសេសប្រភពថាមពលដោយផលិតចេញពីការដុតឧស្ម័នធម្មជាតិ។ ឯកឧត្តម កែវ រតនៈ បានចាត់ទុកថា រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិអនុភាព៩០០មេហ្គាវ៉ាត់ ជាប្រភពអគ្គិសនីធំជាង ហើយក៏ជាប្រវត្តិសាស្រ្តមួយដែលកម្ពុជាទទួលបានដំបូងផងដែរ គ្រារោងចក្រនេះជាខ្នងបង្អែកមួយតភ្ជាប់ទៅកាន់បណ្តាញអគ្គិសនីរបស់ជាតិ បម្រើដល់ការទាក់ទាញការវិនិយោគទុនផ្នែកឧស្សហកម្ម រក្សាលំនឹងថាមពលរដ្ឋ និងឈានដល់ការមិនខ្វះអគ្គិសនីទៅថ្ងៃមុខ។
លោក Thomas Pianka នាយកក្រុមហ៊ុន Royal Group Power Co.,Ltd អះអាងថា រោងចក្រផលិតតថាមពលអគ្គិសនីដែលផ្តើមដំណើរការស្ថាបនានេះ ជារោងចក្រអគ្គិសនីចុងក្រោយបង្អស់ និងខ្នាតធំបំផុតរបស់ក្រុមហ៊ុន។ រោងចក្រអគ្គិសនីដើរដោយឧស្ម័នធម្មជាតិនេះដែរ នឹងបញ្ចូលនូវឧបករណ៍ផលិតថាមពលជំនាន់F-Class ចំនួន២ចុងក្រោយ និងមានប្រសិទ្ធភាពខ្ពស់រួមបញ្ចូលគ្នាឧស្ម័ន-ចំហាយទឹក ដែលមានថាមពលសុទ្ធ៤៥០MW។ លោក Thomas Pianka គូសបញ្ជាក់ទៀតថា អំឡុងពេលសាងសង់រោងចក្របានផ្តល់ការងារចំនួន២៥០០កន្លែង ក្នុងនោះមានកម្មករដែលរស់នៅក្នុងតំបន់ជាច្រើននាក់ ហើយនៅពេលរោងចក្រដំណើរការមានបុគ្គលិកចំនួន៣០០នាក់អនុវត្តការងារនេះ។ បន្ទាប់ពីស្ថាបនារួចរាល់ រោងចក្រនឹងលក់អគ្គិសនីទៅអោយអគ្គិសនីកម្ពុជារៀងរាល់ឆ្នាំ ក្រោមកិច្ចព្រមព្រៀងទិញថាមពលរយៈពេល៣០ឆ្នាំ។ ដោយឡែកលោកជំទាវ មិថុនា ភុថង អភិបាលខេត្តកោះកុង បានស្វាគមន៍ចំពោះការសាងសង់រោងចក្រផលិតអគ្គិសនីឧស្ម័នធម្មជាតិនៅពេលនេះ ដោយលោកជំទាវយល់ថា ថាមពលអគ្គិសនី ជាអាទិភាពគន្លឹះទី៤របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ ដោយវិស័យថាមពលមិនត្រឹមតែជាផលិតផលមួយសម្រាប់តែការបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែវាក៏ជាផលិតផលមួយដ៏ចាំបាច់បំផុតជំរុញឱ្យការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រប់វិស័យកាន់តែរីកចម្រើន។
គួរកត់សម្គាល់ថា ដំបូងឡើយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបគ្រោងសាងសង់រោងចក្រអគ្គិសនី ដុតធ្យូងថ្មអានុភាព ៧០០មេហ្គាវ៉ាត់ និងប្រើទុនវិនិយោគសរុប ១,៣ ពាន់លានដុល្លារអាមេរិក ប៉ុន្តែពេលនេះក្រុមហ៊ុនបានបង្វែរមកសាងសង់រោងចក្រអគ្គិសនីដើរដោយឧស្ម័នធម្មជាតិវិញ៕