ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា ចាប់ពីឆ្នាំ ១៩៩៨ មក អត្រាប្តូរប្រាក់រៀលមាន កម្រិតមធ្យម គឺ ៤ ០៣៦ រៀល ក្នុង ១ ដុល្លារ ដោយអត្រានេះប្រែប្រួលក្នុងរង្វង់ ១ ភាគរយក្នុង ១ ឆ្នាំ ។ យោងតាមប្រភពធនាគារជាតិបានអោយដឹងថា នៅឆ្នាំ១៩៩៨ អត្រាប្តូរប្រាក់ គឺ ៣៨០០រៀល ក្នុង ១ ដុល្លារ ហើយនៅឆ្នាំ២០០៣ អត្រាប្តូរប្រាក់ ឡើងដល់៤០០០រៀល ក្នុង ១ ដុល្លារ ហើយនៅឆ្នាំ២០១០ អត្រាប្តូរប្រាក់បន្តឡើងដល់៤២០០រៀល ក្នុង ១ ដុល្លារ ប៉ុន្តែអត្រានេះបានធ្លាក់នៅក្នុងរង្វង់ក្រោម៤១០០រៀលក្នុង១ដុល្លារវិញរហូតមកដល់ពេលនេះ។ ជាក់ស្តែងនៅថ្ងៃទី១៦តុលាឆ្នាំ២០២៤នេះ អត្រាប្តូរប្រាក់គឺ ៤០៥៧រៀល ក្នុង ១ ដុល្លារ ។
គួរកត់សំគាល់ថា អត្រាប្តូរប្រាក់ មានស្ថេរ ភាព ក្នុងរយៈពេល២០ ឆ្នាំ ចុងក្រោយ គឺដោយសារ កត្តាសុខសន្តិភាព ស្ថិរភាព នយោបាយ ការរីកលូតលាស់ នៃ សេដ្ឋកិច្ច និង លំហូរចូល នៃ វិនិយោគទុន ពីក្រៅ ប្រទេសមកកម្ពុជា ។ ស្ថិរភាពអត្រាប្តូរប្រាក់បានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងជំនឿទុកចិត្ត វិនិយោគិន គ្រប់គ្រងសម្ពាធអតិផរណាបានមួយផ្នែក ក៏ដូចជារក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ។
លើសពីនេះទៀត ស្ថិរភាពតម្លៃប្រាក់រៀល បានបង្ហាញពី សុខភាពល្អ នៃ សេដ្ឋកិច្ចកម្ពុជា និង ការអភិវឌ្ឍដ៏ រឹងមាំដែលធ្វើឱ្យប្រជាជន និង វិនិយោគិន មានជំនឿទុកចិត្តកាន់តែ រឹងមាំ មកលើប្រាក់រៀល និង អនាគត នៃ សេដ្ឋកិច្ចកម្ពុជា ។
ដើម្បីរក្សាស្ថិរភាពថ្លៃនៃ ប្រាក់រៀលនៅលើទីផ្សារ ធនាគារជាតិនៃកម្ពុជា បានអនុវត្ត គោលនយោបាយ អត្រាប្តូរប្រាក់ ប្រកបដោយ ភាពទន់ភ្លន់ និង ប្រុងប្រយ័ត្ន ស្របតាម តម្រូវការទីផ្សារ និង ស្ថានភាព សេដ្ឋកិច្ច ។ ស្ថិរភាពថ្លៃនៃប្រាក់រៀល ធៀបនឹងប្រាក់ ដុល្លារ អាមេរិក មិនមែនកើតឡើង ដោយចៃដន្យ ឬ ការនិម្មិតនោះទេ ប៉ុន្តែ វា ទាមទារឲ្យមានការចូលរួម និង អន្តរាគមន៍ ទៅលើស្ថិរភាពថ្លៃនេះ ពីព្រោះការប្រែប្រួល ថ្លៃ ប្រាក់រៀលធៀប នឹង រូបិយប័ណ្ណ បរទេស អាចមានកត្តាជាច្រើន រួមមាន ដូចជា កត្តាចិត្ត សាស្រ្ត កត្តាសង្គម និង កត្តាសេដ្ឋកិច្ច ។
ធនាគារជាតិបានធ្វើអន្តរាគមន៍ តាម ការចាំបាច់ បើសិនជាព្រឹត្តិការណ៍ប្រែប្រួល ផ្សេង ៗ ណាមួយទាក់ទង នឹង កត្តាចិត្ត សាស្រ្តដែលអាចធ្វើឲ្យថ្លៃប្រាក់រៀល មិន មានស្ថិរភាព ឬ ធ្លាក់ចុះនៅលើទីផ្សារ ។
ធនាគារជាតិបានតាមដាន ជាប្រចាំទៅលើ ទំនោរទីផ្សារ ដែលឆ្លើយតបតាមរយៈការចាក់បញ្ចូលប្រាក់រៀល ទៅក្នុងទីផ្សារ ឬ ការទិញដុល្លារ អាមេរិកពីក្នុងទីផ្សារ ដើម្បីធានាស្ថិរភាពថ្លៃប្រាក់រៀល ។ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១២ មក ធនាគារជាតិបានចូលរួមកាន់តែច្រើន ក្នុង ការទិញដុល្លារជាជាង ការលក់ដែល បង្ហាញថា មានការកើនឡើងនូវតម្រូវការរូបិយវត្ថុក្នុងស្រុក ។ អាស្រ័យហេតុនេះបានជាអត្រាប្ដូរប្រាក់មានស្ថិរភាពល្អណាស់ ហើយបើប្រែប្រួលគឺខុសគ្នាតិចតួច ព្រោះធនាគារជាតិរក្សាបានតម្លៃប្រាក់រៀលស្ថិរភាពក្នុងចន្លោះ៤ ០០០ រៀល ទៅ ៤០៥០ រៀល ក្នុង ១ ដុល្លារ ជិត២០ ឆ្នាំមកហើយ។
នៅចំពោះមុខនេះធនាគារជាតិកំពុងជំរុញការប្រើប្រាស់ប្រាក់រៀល ហើយបាននិងកំពុងធ្វើការជាមួយ វិស័យឯកជន ដទៃទៀត ដើម្បីពន្យល់ពីអត្ថប្រយោជន៍ នៃ ការប្រើប្រាស់ប្រាក់រៀល ។ ជាលទ្ធផលយើងឃើញថា វិស័យ ឯកជន មួយចំនួន ក៏ដូចជាប្រជាជនកម្ពុជា បានផ្លាស់ ប្តូរឥរិយាបទរបស់ខ្លួន ជាបណ្តើរៗលើការប្រើប្រាស់លុយរៀលកាន់តែច្រើន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ នេះ។ ម្យ៉ាងការចាយប្រាក់ដុល្លារចំពោះទំនិញដែលលក់ជាលុយរៀលបានធ្វើអោយគេខាត ខណៈអ្នកលក់គិតតែអត្រា៤០០០រៀលគត់ក្នុង១ដុល្លារ។ទន្ទឹននេះ ក្រុមហ៊ុន អាជីវកម្ម មួយចំនួន បានអនុវត្តការបើកប្រាក់បៀវត្សរ៍ ជាប្រាក់រៀល ដល់បុគ្គលិក ហើយថ្លៃទំនិញមួយចំនួនត្រូវ ដាក់ស្លាកលក់ជាលុយរៀលផងដែរ នៅតាម ផ្សារទំនើប និង ហាងលក់ទំនិញផ្សេងៗ ទៀតព្រមទាំងផ្តល់សេវាឥណទាន និង ការសន្សំជាប្រាក់រៀល ព្រមទាំងផ្តល់លក្ខខណ្ឌអនុគ្រោះ បានច្រើន ចំពោះការប្រើប្រាក់រៀល ។
សូមបញ្ជាក់ថា ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន នឹង ផ្តល់លទ្ធភាពដល់ធនាគារជាតិ ក្នុងការ អនុវត្តនយោបាយ រូបិយវត្ថុ និង អត្រាប្តូរប្រាក់កាន់តែមានប្រសិទ្ធភាព ពិសេសការកំណត់ អត្រា ការប្រាក់គោល និង ការផ្តល់សាច់ប្រាក់ បន្ថែម ដល់សេដ្ឋកិច្ច ដែលអាចមានឥទ្ធិពល ទៅលើ អត្រាការប្រាក់ទីផ្សារ ការវិនិយោគ និង ផលិតកម្ម និង ឈានទៅជំរុញឱ្យមាន ការបង្កើតការងារ និង បង្កើនប្រាក់ចំណូល របស់ប្រជាពលរដ្ឋទៀតផង៕