មកដឹងពីសារសំខាន់នៃទំនប់អាងទឹកជ្រោយប្រស់ ខេត្តកោះកុង

0

កោះកុង៖ ទំនប់អាងទឹកជ្រោយប្រស់ ស្ថិតនៅក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយប្រមាណ ៣០០គីឡូម៉ែត្រ​ប៉ែក​ខាងលិច​រាជធានីភ្នំពេញ។ ទំនប់អាងទឹកនេះ មានសក្តានុពលស្តុកទឹកបាន​ប្រមាណ ៤លានម៉ែត្រគូប ហើយមានតួនាទីស្ទាក់​ទឹក​សាបហូរមក​ពីជ្រលងភ្នំ និងពីផ្ទៃរងទឹកភ្លៀងពីជួរភ្នំទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើន​ផល​កសិកម្មប្រមាណ ២៧៥ហិកតា។

លើបណ្ដាញសង្គមផ្លូវការនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ក្រសួង​ធនធានទឹក និងឧតុនិយមបានពណ៌នាថា​កាលពីអំឡុងខែ​សីហា និងខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ ទំនប់អាងទឹកជ្រោយប្រស់ បានទទួលរងនូវឥទ្ធិពលជំនន់ទឹកភ្លៀងរដូវវស្សា ដែល​បណ្តាលឱ្យ​ជើងទេរទំនប់ និងជើងទេរសំណង់ទ្វារទឹកលើទំនប់ជាច្រើនកន្លែង​ត្រូវទឹកហូរច្រោះដាច់ធ្វើឱ្យប្រជាពលរដ្ឋឃុំជ្រោយប្រស់ ជួបបញ្ហាកង្វះ​ទឹកសាបសម្រាប់ការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្ម និងការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងមានការលំបាក​ក្នុង​ការធ្វើដំណើរ និងចរាចរណ៍ដឹកជញ្ជូនកសិផលផងដែរ។

ក្នុងគោលបំណងជួយដោះស្រាយការលំបាករបស់បងប្អូនប្រជាកសិករក្នុងឃុំជ្រោយប្រស់ នៅក្នុងឆ្នាំ២០២៤នេះ ក្រសួងធនធានទឹក និងឧតុ​និយមដែលមាននាយកដ្ឋានវិស្វកម្មជាសេនាធិការ បានអនុវត្ត​គម្រោង​ស្តារឡើងវិញទំនប់អាងទឹកជ្រោយប្រស់ទៅតាម​លក្ខណៈ​​បច្ចេកទេស។

ប្រភពដដែលបានបញ្ជាក់ថា ការងារសំខាន់ៗនៃគម្រោងស្តារឡើងវិញ​ទំនប់អាងទឹកជ្រោយប្រស់មានដូចជា៖ ទី១)ស្តារឡើងវិញ​ទំនប់អាង​ទឹកប្រវែង ១ ០០០ម៉ែត្រ, ទី២)ក្រាលក្រួសក្រហមលើខ្នងទំនប់ប្រវែង ១ ០០០ម៉ែត្រ និងទី៣)ជួសជុលសំណង់​សិល្បការ្យ​ចំនួនមួយកន្លែង​ដែលរួមមាន សាងសង់សំណង់បេតុងជើងទេរខាងមុខសំណង់​ទ្វារទឹកប្រវែង ២០០ម៉ែត្រ, សាងសង់​សំណង់បាយអថ្មធំជើងទេរ​ខាងក្រោយសំណង់ទ្វារទឹកប្រវែង ៥០០ម៉ែត្រ និងរៀបប្រអប់សំណាញ់​ថ្មធំបាតខាង​ក្រោយសំណង់​ទ្វារទឹក។ គិតមកដល់ពេលនេះវឌ្ឍនភាព​ការងារសម្រេចរួចរាល់ ១០០%។

បើតាមក្រសួងធនធានទឹក បន្ទាប់ពីការងារស្តារឡើងវិញបានរួចរាល់​តាមលក្ខណៈបច្ចេកទេស ប្រជាពលរដ្ឋចំនួន ៣៨៣គ្រួសារ​ក្នុងភូមិថ្មី និងភូមិជ្រោយប្រស់ នៃឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង​នឹងទទួលបានទំនប់អាងទឹកតម្កល់ទឹកសាប​ទុក​សម្រាប់ប្រើប្រាស់​ប្រចាំថ្ងៃ និងស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផល​កសិកម្មរដូវ​ស្រូវវស្សាចំនួន ២៧៥ហិកតា រដូវប្រាំងចំនួន ៣០ហិកតា និងដំណាំ​រួមផ្សំចំនួន ៣០ហិកតា ព្រមទាំងជួយបង្កើនរដូវដាំដុះ បង្កើនទិន្នផលក​សិកម្ម និងបង្កើនប្រាក់ចំណូល​ដល់គ្រួសារកសិករ ហើយថែមទាំងការ​ពារធនធានធម្មជាតិដែលមាននៅក្នុងមូលដ្ឋានទៀតផង។ ជាមួយគ្នានេះ តួទំនប់បានក្លាយជា​ផ្លូវសម្រាប់ធ្វើដំណើរនៅតាម​បណ្តោយ​ជើងភ្នំក្នុងមូលដ្ឋានទៅកាន់ទីប្រជុំជន និងទីរួមខេត្តបាន​យ៉ាងល្អប្រសើរ។ គម្រោងនេះក៏បាន​ចូល​រួមចំណែកយ៉ាងសំខាន់​ក្នុងការដោះស្រាយបញ្ហាគ្រោះធម្មជាតិដូចជា គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតផងដែរ ក្នុងបរិបទនៃការ​ប្រែប្រួលអាកាសធាតុ៕