សមត្ថកិច្ច បំភ្លឺ​ចំពោះ​ការ​បង្ហោះ​ព័ត៌មាន​ក្នុង​បណ្តាញ​សង្គម​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​គ្រូពេទ្យ​០១​នាក់ ស្លាប់ នៅ​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ

0

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​បំភ្លឺ​ជូន​សាធារណជន​ចំពោះ​ការ​បង្ហោះ​ព័ត៌មាន​ក្នុង​បណ្តាញ​សង្គម​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​គ្រូពេទ្យ​០១​នាក់ ស្លាប់ នៅ​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ​។

ចំពោះ​ករណី​នេះ​កាលពី​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០២៤ វេលា​ម៉ោង​១០:៤០​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កេ​ី​ត​ឡេ​ី​ង រវាង​ម៉ូតូ​កង់​បី ( ផាស​អាប់ ) ម៉ាក BAJAJ ពណ៌​ស ពាក់​ផ្លា​ក​លេខ ព្រៃវែង 1Q-2839 បើកបរ​ដោយ​ឈ្មោះ​ហុ​ិ​ន មោង ភេទ​ប្រុស និង ម៉ូតូ​ម៉ាក SCOOPY ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1GB-4785 បើកបរ​ដោយ​ឈ្មោះ ហូ សាលី​ន ភេទ​ស្រី នៅ​ចំណុច​មុខ​ផ្សារ​ទំនើប​ស៊ូ​ភើ​ស្ទ័​រ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ បណ្តាល​ឱ្យ​អ្នកបើកបរ SCOOPY រង​របួសធ្ងន់ បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ចំណែក​អ្នកបើកបរ​ម៉ូតូ​កង់​បី ( ផាស​អាប់ ) ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ។

ក្រោយ​កើតហេតុ​មន្ត្រី​នគរបាល​ចរាចរណ៍​បាន​ចុះ​ទៅ​វាស់វែង​ត្រួតពិនិត្យ​ប្រមូល​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ តាម​ការងារ​ជំនាញ​បន្ទាប់​មក​សមត្ថកិច្ច​បាន​នាំ​អ្នកបើកបរ​ម៉ូតូ​កង់​បី (​ផាស​អាប់​) មក​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​ចំណែក​ជន​រង​គ្រោះ​បន្ទាប់​មក​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​ចេញពី​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ហើយ​ដឹក​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម បន្ទាប់​មក​បាន​ទទួលមរណភាព​នៅ​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២៤​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នោះ​អ្នកបើកបរ​ម៉ូតូ​កង់​បី ( ផាស​អាប់ ) ត្រូវ​បាន​មន្ត្រី​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវ​រួច​ហើយ ទន្ទឹម​នោះ​អ្នក​បើក​ម៉ូតូ​កង់​បី​ក៏​ត្រូវ​បាន​លោក កី ម៉ា​នេ​រ៉ា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឱ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​មណ្ឌល​កែប្រែ​ទី​១ កាលពី​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ ២០២៤​មក​ម្លេះ​៕