ទិវាទេសចរណ៍ពិភពលោក៖ សៀមរាបតាំងម្ហូបអាហារ នំចំណី​ជិត១០០មុខ ជូនភ្ញៀវទេសចរភ្លក់នៅតំបន់ផាប់ស្រ្ទីត

0

កាលពីរាត្រីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ក្នុងតំបន់ផាប់ស្រ្ទីត​នាទី​ក្រុង​សៀមរាប មានការដាក់តាំងម្ហូបអាហារនំចំណីមកពីហាងល្បីៗក្នុងខេត្តសៀមរាបជិត១០០ជូនភ្ញៀវទេសចរជាតិនិងបរទេសភ្លក់ក្នុងឱកាសទិវាទេសចរណ៍ពីភពលោក ក្រោមប្រធានបទ”ទេសចរណ៍ និងសន្តិភាព” ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប ។

ក្នុងព្រឹត្តិការណ៍ទេសចរណ៍ពិភពលោករដ្ឋបាលខេត្តបានរៀបចំការដង្ហែក្បួនចាប់ពីសួនច្បារព្រះរាជដំណាក់តាមបណ្តោយផ្លូវស៊ីវុត្ថា ឆ្ពោះមកតំបន់​ផាប់ស្រ្ទីតដែលជាតំបន់ទេសចរណ៍សំខាន់ពេលរាត្រី ដោយមានអង្គភាព មន្ទីរនានា ធុរកិច្ចរកស៊ីវិស័យទេសចរណ៍ ក្នុងនោះក៏មានម្ចាស់ បុគ្គលិក សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ក្រុមយុវជន ក្រុមឆៃយ៉ាំ ក្រុមគុនខ្មែរល្បុក្កតោយ៉ាងច្រើនកុះករ។

ពេលរាត្រីម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន បានយកនំ ចំណី និងម្ហូប​អាហារដែលមានជិត១០០មុខ មកដាក់ជូនភ្ញៀវជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅផាប់ស្រ្ទីត ភ្លក់ដោយមិនគិតប្រាក់។ភ្ញៀវទេសចរជាច្រើនបានភ្លក់និងពោលសរសើរថា មានរសជាតិឆ្ងាញ់។

ក្នុងឱកាសនេះដែរក្រុមអាជីវករលក់ដូរនៅក្នុងតំបន់ផាប់ស្រ្ទីត បាន​ថ្លែងអំណរគុណរដ្ឋបាលខេត្តសៀមរាបដែលបាន យកចិត្តទុក​ដាក់បង្កើតកម្មវិធីថ្មីៗដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិមក​កម្សាន្តខេត្តសៀមរាប។

ចំណែកលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាបបាន​មានប្រសាសន៍ រាជរដ្ឋាបាលភិបាលនីតិកាលទី៧ដឹកនាំដោយ សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់​ចំពោះវិស័យទេសចរណ៍៕