មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បញ្ជាក់ពីការប្ដេជ្ញាលើកកម្ពស់សហគ្រិន និងធុរជនកម្ពុជាឱ្យចូលទៅកាន់ថ្នាលពាណិជ្ជកម្មអេឡិចត្រូនិកសកល

0

លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ជូនតំណាងក្រុមហ៊ុន Amazon ពីអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការស្វែងរកទីផ្សារថ្មីៗ និងពង្រីកវិសាលភាពផលិតផលកម្ពុជាទៅកាន់ពិភពលោក ដោយផ្តោតជាពិសេសលើការចាប់យកកាលានុវត្តភាពពាណិជ្ជកម្មឌីជីថល។

ការលើកឡើងរបស់លោកជំទាវ បានធ្វើឡើងនៅក្នុងឱកាសដឹកនាំគណៈប្រតិភូ ធ្វើទស្សនកិច្ចការិយាល័យរបស់ក្រុមហ៊ុន Amazon (Amazon Global Selling) នៅទីក្រុងហាងចូវ សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងសក្តានុពលសម្រាប់ការលក់ផលិតផលកម្ពុជានៅលើថ្នាល Amazon នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ក្នុងដំណើរទស្សនៈកិច្ចនោះ លោកជំទាវ ជា រដ្ឋា បានបញ្ជាក់ពីការប្តេជ្ញារបស់ក្រសួងក្នុងការលើកកម្ពស់សហគ្រិន និងធុរជនកម្ពុជាឱ្យចូលទៅកាន់ថ្នាលពាណិជ្ជកម្មអេឡិចត្រូនិកសកល បង្កើតបណ្ដាញថ្មីៗសម្រាប់ការធ្វើពាណិជ្ជកម្ម និងជំរុញសេដ្ឋកិច្ចឌីជីថលកម្ពុជាឱ្យឈានឆ្ពោះទៅមុខ។

លោកជំទាវ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានគូសរំលេចថា នាពេលខាងមុខនេះ ក្រសួងនឹងមានកិច្ចពិភាក្សាបន្ថែមទៀតដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងធានាបានថា កម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីទីផ្សារអន្តរជាតិដ៏ធំរបស់ក្រុមហ៊ុន Amazon ព្រមទាំងបង្កើនឱកាសនាំចេញសម្រាប់សហគ្រិនកម្ពុជាដែលកំពុងរីកលូតលាស់ ផងដែរ។

ក្នុងឱកាសនោះ តំណាងក្រុមហ៊ុន Amazon បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ និងបានធ្វើបទបង្ហាញអំពីការគាំទ្រផ្សេងៗរបស់ Amazon សម្រាប់អ្នកលក់តាមប្រព័ន្ធអេឡិចត្រូនិកផងដែរ៕