ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកទឹកចិត្តឱ្យក្រុមហ៊ុន Levi ពិនិត្យលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគពង្រីកវិសាលភាពផលិតកម្មរបស់ខ្លួននៅកម្ពុជា

0

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី២៣ ខែកញ្ញានេះ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជារួមមានពីក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីជួបពិភាក្សាការងារជាមួយលោក Jeff Hogue ប្រធានផ្នែកនិរន្តរភាព និងសហការី តំណាងក្រុមហ៊ុន Levi Strauss & Co ដែលជាក្រុមហ៊ុនសម្លៀកបំពាក់លំដាប់ពិភពលោករបស់អាម៉េរិក ហើយត្រូវបានគេស្គាល់ឈ្មោះ ក្រោមម៉ាកសញ្ញា Levi

‘s។ តាមរយៈជំនួបនាឱកាសនេះ តំណាងក្រុមហ៊ុន Levi Strauss & Co ក៏បានបង្ហាញការស្វាគមន៍ជូនដល់គណៈប្រតិភូកម្ពុជា ព្រមទាំងបានជម្រាបជូនអំពីសវតារបស់ក្រុមហ៊ុន និងតម្រូវការនានាដែលជាមូលដ្ឋានដល់ការសម្រេចចិត្តដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនដូចជាការប្រើប្រាស់ថាមពលស្អាត សំដៅធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

ស្របតាមការលើកឡើងខាងលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគពង្រីកវិសាលភាពផលិតកម្មរបស់ខ្លួននៅកម្ពុជា តាមរយៈកិច្ចសម្របសម្រួលលើការងារវិនិយោគពីសំណាក់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធ ដែលអាចធានាបាននូវបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះបំផុត។

ជាមួយប្រធានបទនៃការវិនិយោគក្នុងវិស័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពការផលិត និងផ្គត់ផ្គង់ថាមពលនៅប្រទេសកម្ពុជា ដែលក្នុងនោះ ៦២%នៃថាមពលសរុប ដែលបានប្រើប្រាស់សម្រាប់ការផ្គត់ផ្គង់ គឺជាប្រភេទថាមពលស្អាត និងកកើតឡើងវិញ៕