ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរម្ចាស់ក្បាលដី២៤ភូមិ ក្នុងសង្កាត់វាំងចាស់ សង្កាត់ព្រះស្រែ និងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ទទួលបណ្ណកម្មសិទ្ធសរុបចំនួន ១៧ ៣៣២ បណ្ណ ស្មើនឹង ១០,៥០១កម្មសិទ្ធករ ក្នុងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលធ្វើឡើង នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ នៅ សង្កាត់ វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ ឯកឧត្តមបណ្ឌិត ជាម ចន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម សាយ សំអាល់ ដែលបានផ្តល់កិត្តិយសដល់អ្នកខេត្តកំពង់ស្ពឺ ក្នុងការចែកបណ្ណកម្មសិទ្ធអចលនវត្ថុជូនដល់ប្រជាពលរដ្ឋដោយផ្ទាល់នាឱកាសនេះ។
ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានសម្តែងនូវក្តីសោមនស្សរីករាយជាមួយបងប្អូនប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធនាពេលនេះ។ ឯកឧត្តមបានបន្តថា ការចេញបណ្ណកម្មសិទ្ធដល់បងប្អូនប្រជាពលរដ្ឋ គឺជាអាទិភាពមួយរបស់ រាជរដ្ឋាភិបាល។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីជំនួសមុខឱ្យប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ បានធ្វើការថ្លែងអំណរគុណក្រុមការងារក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់ និងក្រុមការងារថ្នាក់ខេត្ត ដែលបានខិតខំវាស់វែងដីធ្លី និងបំពេញបែបបទសម្រាប់រៀបចំបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ ដោយមិនគិតពីពេលយប់ និងថ្ងៃចុងសប្តាហ៍ឡើយ សំដៅធ្វើយ៉ាងណាបង្ករលក្ខណៈងាយស្រួលដល់បងប្អូនដែលមានការមមាញឹកក្នុងការងារប្រចាំថ្ងៃ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទូទាំងប្រទេសដែលបានចូលរួមយ៉ាងច្រើនកុះករក្នុងចលនាជាតិដ៏ធំ តបតាមសេចក្តីអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមខ្សែបន្ទាត់ព្រំដែន ដែលសបញ្ជាក់នូវការគាំទ្រ និងជំនឿទុកចិត្តយ៉ាងមុតមាំមកលើរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យជាតិ។ ឯកឧត្តមបានរំលេចផងដែរថា បើទោះបីជាការចូលរួមជាទំហំតិចក្តី ច្រើនក្តី តែវាបានបង្ហាញនូវទឹកចិត្តដ៏ធំធេងរបស់បងប្អូនដែលស្រលាញ់ជាតិ ស្រលាញ់ទឹកដី។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីក៏បានអំពាវនាវ សូមឱ្យពុកម៉ែបងប្អូនទាំងអស់ បន្តជឿជាក់លើប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលសម្ដេចបានខិតខំយកចិត្តទុកដាក់លើសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស៕