ខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្មកំពុងត្រូវបានជួសជុលឡើងវិញ

0

ខ្លោងទ្វារ​ទិស​ខាងត្បូង​ប្រាសាទតាព្រហ្ម ដែល​រលំ​ដួល​ទាំងស្រុង​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ចាប់ផ្ដើម​បង្ហាញ​រូបរាង​ដើម​ជា​បណ្ដើរ​ៗ​ហើយ បន្ទាប់​ពី​អាជ្ញាធរ​ជាតិ​អប្សរា រួម​សហការ​ជាមួយ​ស្ថាប័ន​ស្រាវជ្រាវ​បុរាណវិទ្យា​ឥណ្ឌា (ASI) ជួសជុល​អស់​ពេល​ជា​ច្រើន​ខែ​កន្លង​មក​។

នៅ​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៤​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យ​ដឹង​ថា ការ​ជួសជុល​ខ្លោងទ្វារ​ខាងត្បូង​នៃ​ប្រាសាទតាព្រហ្ម​ឡើង​វិញ​បាន​ចាប់ផ្តើម​តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០២៤ ដោយ​ពង្រឹង​គ្រឹះ និង​តួ​ខ្លោងទ្វារ​ឡើង​វិញ បន្ទាប់​ពី​អ្នកជំនាញ​បាន​ចំណាយពេល​១​ឆ្នាំ​ក្នុង​ការ​សិក្សា រុះរើ​ថ្ម​តាម​បច្ចេកទេស​អាណា​ស្ទីល​ឡូ​។

លោក Chitranjan Kumar ប្រធាន​គ្រប់គ្រង​ការដ្ឋាន​ជួសជុល​នៅ​ប្រាសាទតាព្រហ្ម បានឱ្យ​ដឹង​ថា តាំងពី​ដើមឆ្នាំ​២០២៣ ក្រុមការងារ​បាន​សិក្សា រុះរើ​គំនរ​ថ្ម​ដែល​ជ្រុះ​ធ្លាក់​សន្ធប់​មក​លើ​តួ​ខ្លោងទ្វារ​ទាំងមូល និង​ស្វែងរក​ថ្ម​ដែល​ចល័ត​ខុស​ពី​ទីតាំង​ដើម​មក​ផ្គុំ​សាកល្បង​ឱ្យ​ត្រូវ​តាម​ទីតាំង​ដើម ព្រមទាំង​ជួសជុល​ថ្ម​បាក់បែក ឬ​ខូចខាត​មួយ​ចំនួន កំណាយ​បុរាណវិទ្យា ពិសោធន៍​ដី​គ្រឹះ​ជាដើម​។ មក​ដល់​ពាក់កណ្ដាល​ឆ្នាំ​២០២៤ ក្រុមការងារ​បាន​រៀបចំ​ជួសជុល​ពង្រឹង​គ្រឹះ​ខ្លោងទ្វារ​និង​ខឿន ជញ្ជាំង​មួយ​ចំនួន​តាម​លំនាំ​ឡើង​វិញ​ជា​បន្តបន្ទាប់​។ កិច្ចការ​នេះ​អាច​រលូន​ទៅ​បាន​ឆាប់រហ័ស​ដោយសារ​តែ​ថ្ម​ដើម​របស់​ខ្លោងទ្វារ អាច​រក​ឃើញ​ប្រមាណ​ជា​៩៥​ភាគរយ​យក​មក​ដាក់​នៅ​ទីតាំង​ដើម​ឡើង​វិញ​។

លោក​បាន​បញ្ជាក់​ទៀត​ថា ការងារ​ជួសជុល​ខ្លោងទ្វារ​ខាងត្បូង​នៃ​ប្រាសាទតាព្រហ្ម​នេះ ត្រូវ​បាន​អភិរក្ស​ទាំង​ដើមឈើ​ផង ស្រប​តាម​អនុសាសន៍​របស់​ក្រុម​អ្នកជំនាញ​ការ​អា​ដ​ហុ​ក​នៃ​គណៈកម្មាធិការ​អន្ដរជាតិ​សម្របសម្រួល កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ និង​សំបូរ​ព្រៃ​គុក (ICC-Angkor/ Sambor Prei Kuk)៕