ជំនន់ទឹកភ្លៀងនៅស្រុកព្រៃនប់បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន៤៤៩គ្រួសារ

0

លោក អ៊ី ធា​រិ​ន អភិបាល​នៃ​គណៈ​អភិបាលស្រុក​ព្រៃ​នប់ បានឱ្យ​ដឹង​ថា ជំនន់​ទឹកភ្លៀង​កាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤ គិត​ត្រឹម​ម៉ោង ១២៖០០​នាទី មាន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ក្នុង​ឃុំ​ចំនួន​៣​នៃ​ស្រុក​ព្រៃ​នប់ ចំនួន​សរុប​៤៤៩​គ្រួសារ ក្នុង​នោះ​១- ឃុំ​ព្រៃ​នប់​ចំនួន​១១៥​គ្រួសារ ២-​ឃុំ​ទួល​ទទឹង​ចំនួន​១៥៧​គ្រួសារ និង​៣-​ឃុំ​អណ្តូង​ថ្ម​ចំនួន​១៧៧​គ្រួសារ​។

លោក​អភិបាលស្រុក​បាន​បញ្ជាក់​ថា គ្រោះ​មហន្តរាយ​ជំនន់​ទឹកភ្លៀង​កាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤​នេះ មិន​មាន​រង​ផល​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ណា​ម្នាក់​ទេ នៅ​ក្នុង​ឃុំ​ទាំង​៣ ហើយ​អាជ្ញាធរ​បាន​ជម្លៀស​ពួក​គាត់​មក​កាន់​ទីទួល​សុវត្ថិភាព​បាន​ទាន់​ពេលវេលា​។ ដោយសារ​មានការ​យកចិត្តទុកដាក់ ពី​ឯកឧត្តម ម៉ាង ស៊ី​ណេ​ត អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ក្នុងស្រុក​ព្រៃ​នប់​ដោយ​ផ្ទាល់ ព្រមទាំង​បាន​ធ្វើការ​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក អាជ្ញាធរ​មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ត្រូវ​បន្ត​ការ​តាម ដាន​យកចិត្តទុកដាក់​បន្ថែម​ទៀត​លើ​គ្រោះ​ធម្មជាតិ​ទឹកជំនន់ ក៏​ដូច​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់ ព្រោះ​ស្រុក​ព្រៃ​នប់ តែងតែ​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​ធម្មជាតិ ពិសេស​ខ្យល់​កន្ត្រាក់​ជា​រៀង​រាល់​ឆ្នាំ​នៅ​ចុងរដូវ​រំហើយ នៃ​ការ​ប្រមូល​ទិន្នផល​ស្រូវ​វស្សា​។

លោក​អភិបាលស្រុក​បានឱ្យ​ដឹង​បន្ថែម​ថា អាជ្ញាធរ​ស្រុក​ក៏​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដល់​អាជ្ញាធរ​ភូមិ​ឃុំ និង​កងកម្លាំង​ត្រូវ​ចុះ​តាមដាន​ពី​គ្រោះ​ធម្មជាតិ​ឱ្យ​បាន​ជាប់​ជា​ប្រចាំ ពិសេស​ត្រៀមលក្ខណៈ​សម្បត្តិ​ក្នុង​ការ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះ​ធម្មជាតិ​មក​កាន់​ទីទួល​សុវត្ថិភាព ដោយ​មិន​ត្រូវ​ទុក​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​ណា​ម្នាក់​រង​គ្រោះ​ដោយ​យើង​មិន​បាន​ចុះ​ជួយ​អន្តរាគមន៍ ហើយ​ការ​ជួយ​សង្គ្រោះ​នេះ​ទៀត​សោត​មិន​ប្រកាន់វណ្ណៈ ពូជសាសន៍ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ព្រោះ​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ក៏​ជា​ការ​ទទួលខុសត្រូវ​របស់​អាជ្ញាធរ​ផង​ដែរ​។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៩​នេះ ជំនន់​ទឹកភ្លៀង​បាន​ស្រក​ចុះ​វិញ​ហើយ មិន​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ទៀត​នោះ​ទេ​៕