អាជ្ញាធរខេត្តបាត់ដំបងត្រៀមរៀបចំពិធីបុណ្យអុំទូកនៅតាមដងស្ទឹងសង្កែ ក្នុងអំឡុងថ្ងៃទី១៦និងទី១៧ខែតុលាខាងមុខនេះហើយ ដើម្បីអបអរ សាទរពិធីបុណ្យចេញព្រះវស្សា និងការចូលរួមចំណែកថែរក្សាទំនៀមទំលាប់ប្រពៃណីជាតិដ៏រុងរឿងរបស់យើង ។
ក្នុងកិច្ចប្រជុំពិភាក្សារៀបចំពិធីបុណ្យអុំទូកខេត្តកាលពីថ្ងៃទី១០តុលា ឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបង ណែនាំដល់ក្រុមការងារពាក់ព័ន្ធត្រូវពិនិត្យឡើងវិញលើការរៀបចំកម្មវិធីកម្សាន្តសប្បាយផ្សេងៗធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញ ប្លែកៗជាងឆ្នាំមុនៗ ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យអុំទូកឆ្នាំនេះ ។
ឯកឧត្តមបន្ថែម៖«ក្រុមការងារពាក់ព័ន្ធត្រូវត្រូវត្រៀមលក្ខណៈ និងរៀបចំចាត់ចែងអនុវត្តន៍ការងារទៅតាមផ្នែកនីមួយៗដោយចាប់ផ្ដើមពីឥឡូវនេះជាបណ្ដើរៗសំដៅជំរុញការងារឱ្យបានរៀបរយមុនថ្ងៃពិធីចាប់ផ្ដើម»។
ប្រភេទទូកដែលត្រៀមចូលរួមប្រណាំងមាន ខ្នាតប្រពៃណីជាតិ ទូកខ្នាតអន្តរជាតិ ទូកមួង ទូកផ្កាចារ និងនៅពេលរាត្រី គឺមានការរៀបចំបណ្ដែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រួចជាដើម ។
សូមរំលឹកថា ពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបង រយៈពេល២ថ្ងៃ កាលពីឆ្នាំ២០២៣បានបញ្ចប់ទៅដោយជោគជ័យ និងទាក់ទាញអ្នកចូលរួមបានយ៉ាងច្រើនកុះកររហូតដល់ជាង១លាននាក់៕