សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា កាលពីចុងខែកក្កដា ឆ្នាំ២០២៤ សម្តេច បានចុះហត្ថលេខាលើផែនការសាងសង់បញ្ចប់ផ្លូវក្រវាត់ព្រំដែន ដោយប្រើរយៈពេល ១០ឆ្នាំ ជាមួយថវិកាជាង ២០០លានដុល្លារ។
នាឱកាសអញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី បានថ្លែងអំណរព្រះគុណ ព្រះមហាក្សត្រ ហ្លួងយាយ ព្រះសង្ឃ និងអរគុណប្រជាពលរដ្ឋគ្រប់ទិសទី បានចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើផ្លូវក្រវាត់ព្រំដែន។
សម្ដេចធិបតី បន្ដថា រាជរដ្ឋាភិបាល ក៏បានប្តេជ្ញាអភិវឌ្ឍន៍ខេត្តទាំងបួន នៅតំបន់ភូមិភាគឦសាន ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និងខិតខំជំរុញការបោះបង្គោលព្រំដែន ឱ្យបានរួចរាល់។
សម្ដេចធិបតី មានប្រសាសន៍ថា «នៅក្នុងការកសាង មកដល់ពេលនេះ ផ្លូវក្រវាត់ព្រំដែន យើងត្រូវធ្វើជាង ២,៦៦០គីឡូ ឥឡូវយើងធ្វើបាន ១,៣០០គីឡូ បាន ៥០% នៅដល់ ១,៣០០គីឡូទៀត។ ហើយ ១,៣០០គីឡូទៀត ខ្ញុំ បានចុះហត្ថលេខា ចុងខែកក្កដា នេះ នូវផែនការបញ្ចប់ជូនផ្លូវនេះ ដើម្បីធ្វើរយៈពេល ១០ឆ្នាំ ថវិកាជាង ២០០លានដុល្លារ»។
ទន្ទឹមនឹងនេះ សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងថា រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសប្រមាណ ៤០ម៉ឺននាក់ហើយ បានចូលរួមក្នុងមូលនិធិសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។ សម្ដេច ក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមក្នុងមូលនិធិនេះ៕