ធនាគារជាតិនៃកម្ពុជា បដិសេធទាំងស្រុងចំពោះការប្រើប្រាស់និមិ្មត្តសញ្ញា និងឈ្មោះធនាគារជាតិនៃកម្ពុជា ទៅផ្សព្វផ្សាយគម្រោងវិនិយោគ ឬការជួញដូរផលិតផលហិរញ្ញវត្ថុក្រៅផ្លូវការ

0

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នាពេលថ្មីៗនេះ បានសង្កេតឃើញគណនីបណ្តាញសង្គមមួយចំនួន បានប្រើប្រាស់និមិ្មត្តសញ្ញា និងឈ្មោះធនាគារជាតិនៃកម្ពុជា ដោយមិនមានការអនុញ្ញាតក្នុងចេតនាទុច្ចរិត ដោយបង្កើតរូបភាពបំភាន់ភ្នែក ដើម្បីផ្សព្វផ្សាយពីគម្រោងវិនិយោគ ឬប្រតិបត្តិការជួញដូរផលិតផលហិរញ្ញវត្ថុក្រៅផ្លូវការ។

តាមគេហទំព័រហ្វេសប៊ុកផ្លូវការធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី៣ ខែកញ្ញានេះ បានប្រកាសបដិសេធទាំងស្រុងចំពោះបណ្តាញសង្គមខុសច្បាប់ទាំងនោះ និងអំពាវនាវឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្នជាប់ជាប្រចាំ ដើម្បីកុំឱ្យធ្លាក់ចូលល្បិចឆបោក ដែលអាចនាំឱ្យបាត់បង់ប្រាក់កាស ឬទ្រព្យសម្បត្តិផ្សេងៗ តាមរយៈការចូលរួមវិនិយោគជាមួយក្រុមទាំងឡាយណាដែលពុំមានអាជ្ញាប័ណ្ណនិងការត្រួតពិនិត្យត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច។

ជាមួយគ្នានោះ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ផងដែរថា ធនាគារជាតិនៃកម្ពុជា ពុំមានក្រុម ឆាណែល ឬគណនី Telegram ឬបណ្តាញទំនាក់ទំនងសង្គមផ្សេងៗទៀត សម្រាប់ផ្សព្វផ្សាយឱ្យសាធារណជនចូលរួមវិនិយោគលើទីផ្សារហិរញ្ញវត្ថុ ដូចជា ហាងឆេងមាស អត្រាប្តូរប្រាក់ ឬទ្រព្យឌីជីថលឡើយ៕