មន្ដ្រីជំនាញនៅរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការដ្ឋានដាក់លូប្រអប់៤ខ្សែខ្នាតធំនៅសង្កាត់បឹងទំពន់ទី១ បានរួចរាល់១ខ្សែ គឺផ្លូវលេខ108 BT មានទំហំ៤ម៉ែត្រ x ២ម៉ែត្រ ហើយចាប់ផ្ដើមស្ថាបនាផ្លូវក្រោយពីបើកការដ្ឋានស្ថាបនា កាលពីខែឧសភា ដើម្បីដោះស្រាយទឹកលិចចេញពីតំបន់វត្តដំបូកខ្ពស់ ក្រោយផ្សារប៉េសេ ក្នុងភូមិសាស្ត្រសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នេះថា សកម្មភាពការដ្ឋានដាក់ប្រព័ន្ធលូប្រអប់ខ្នាតធំ៤ខ្សែហើយ១ខ្សែលើកំណាត់ផ្លូវ108 BTមានទំហំ៤ម៉ែត្រx២ ម៉ែត្រ ប្រវែងជិត២០០ម៉ែត្ររួចរាល់ទាំងស្រុងហើយក្នុងនោះផ្លូវមួយចំនួនទៀតកំពុងអនុវត្តព្រមគ្នា។
លោកប្រធានមន្ទីរបានបន្ដថា ផ្លូវលេខ108BT បានដាក់លូរួចហើយកំពុងបន្តស្ថាបនាផ្លូវបេតុងលើផ្លូវ១០៨ដដែលនេះក្នុងរយៈពេល១ខែកន្លះទៀត។ ការងារដាក់លូ និងធ្វើផ្លូវនៅតំបន់បឹងទំពន់នេះមានចំនួន៤ខែ ដោយប្រើពេល១ឆ្នាំកន្លះបានរួចរាល់ទាំងស្រុង។ ការងារខាងលើនេះអនុវត្តដោយក្រុមហ៊ុន Precast Plants ដែលជាគម្រោងរបស់ថ្នាក់ជាតិ។ គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញរយៈពេល៥ឆ្នាំ មានចំនួន៥០គម្រោង ចំពោះគម្រោង ដែលត្រូវអនុវត្តមានចំនួន២៣គម្រោង។ គម្រោងរដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងអនុវត្តចំនួន១៣គម្រោង ហើយគម្រោងដាក់លូប្រអប់លើផ្លូវលេខ108 BT ទំហំ៤ម៉ែត្រx២ ម៉ែត្រនេះ ក៏ស្ថិតក្នុងគម្រោងនេះដែរ។
សូមបញ្ជាក់ថាឯកឧត្ដម ឃួង ស្រេងកាលពីថ្ងៃទី១១ កក្កដា ឆ្នាំ២០២៤កន្លងមកនេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ពាក់ពន្ធ័ចុះទៅពិនិត្យមើលប្រឡាយ ស្ថានីយ៍បូមទឹកបឹងទំពន់ មើលការដ្ឋានដាក់លូប្រអប់លើផ្លូវលេខ108BTនេះ បន្តទៅមើលប្រឡាយស្ថានីយ៍លូប្រាំ ជាមួយនឹងការពិនិត្យវឌ្ឍនភាពនៃការដ្ឋានដាក់លូ បុកស៊ីផាយ និងការស្តារប្រឡាយមេ ដែលស្ថិតក្នុងគម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំង១៣គម្រោង តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕