នាវាកងទ័ពជើងទឹកប្រទេសអូស្ត្រាលីចំនួន០១គ្រឿងចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាព

0

នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​០២ ខែកញ្ញា ឆ្នាំ​២០២៤ នាវា​កងទ័ពជើងទឹក​របស់​ប្រទេស​អូស្ត្រាលី​ចំនួន​១​គ្រឿង មានឈ្មោះ HMAS PERTH- FFH 157 បាន​ចូល​សំចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ប្រកបដោយ​សុវត្ថិភាព តាម​ការ​គ្រោងទុក ដើម្បី​ដំណើរ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​០២ ដល់​០៤ ខែកញ្ញា ឆ្នាំ​២០២៤ ដោយ​ទទួល​បាន​ស្វាគមន៍​ពី​លោក វរ​នា​វី​ឯក មាន សា​វឿ​ន នាយសេនាធិការរង កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ និង​នាយ​នា​វី​កងទ័ពជើងទឹក​ជា​ច្រើន​រូប​ផ្សេង​ទៀត​។

ក្នុង​ឱកាស​នោះ​លោក វរ​នា​វី​ឯក មាន សា​វឿ​ន បាន​ស្វាគមន៍​ការ​មក​ដល់​របស់​នាវា​កងទ័ពជើងទឹក​អូស្ត្រាលី និង​សូម​ឱ្យ​ដំណើរ​ទស្សនកិច្ច​របស់​មេបញ្ជាការ និង​នាវិក​កងទ័ពជើងទឹក​អូស្ត្រាលី លើ​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​នៅ​លើ​ទឹកដី​ខេត្ត​តំបន់ឆ្នេរ​នៃ​ភាគ​និរតី ទទួល​បាន​សុខ​សុវត្ថិភាព​គ្រប់​គ្នា ហើយ​អាជ្ញាធរ ក៏​ដូច​កងកម្លាំង​របស់​យើង​នៅ​រង់ចាំ​ការពារ​សន្តិសុខ​សុវត្ថិភាព​សម្រាប់​ដំណើរ​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ ក៏​ដូច​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ត្រឡប់​ទៅ​វិញ​ផង​ដែរ​។

នាវា​នោះ​មានឈ្មោះ HMAS PERTH – FFH 157 (Anzac Class FFH) មាន​បណ្ដោយ​ប្រវែង​១១៨​ម៉ែត្រ ទទឹង​ប្រវែង​១៤,៨​ម៉ែត្រ ជម្រៅ​ទឹក​៦,៤​ម៉ែត្រ ទម្ងន់​ផ្ទុក​៣៩០០​តោន និង​មាន​ឧទ្ធម្ភាគចក្រ MH60-Rabbit Seahawk មេបញ្ជាការ​ហោះហើរ (​អាកាសយាន​និក​លោក វរ​នា​វី​ត្រី Patrick Mc Guire) មាន​នាវិក​សរុប​១៩០​នាក់ ក្នុង​នោះ មាន​នាយ​នា​វី​៣២​នាក់ និង​នាវិក​១៥៨​នាក់​។ ក្នុង​ដំណើរ​ទេសចរណ៍​នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​មានការ​បង្ហាញ​អំពី​ប្រតិបត្តិការ​ទូក​តូច​បច្ចេកទេស​ពន្លត់​អគ្គិភ័យ និង​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ រវាង​កងទ័ពជើងទឹក​ប្រទេស​ទាំង​ពីរ​។ នាវា​នេះ ដឹកនាំ​ដោយ​លោក​ឧត្តមនាវីត្រី MICHAEL JOHN HARRIS មេបញ្ជាការ​កង​នាវា​ទី​៧ Indo-pacific Endvor​។

ក្នុង​ដំណើរ​ទស្សនកិច្ច និង​ស្នាក់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា គណៈប្រតិភូ​នាវា​កងទ័ពជើងទឹក​អូស្ត្រាលី គ្រោង​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​អភិបាលខេត្ត​ព្រះ​សីហ​នុ លោក​មេបញ្ជាការ​មូលដ្ឋាន​សមុទ្រ​រាម និង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ មាន​ដូច​ជា​សារមន្ទីរ​ជាតិ​ទួល​ស្លែង ព្រះ​បរមរាជវាំង និង​តំបន់​កម្សាន្ត​មួយ​ចំនួន​ក្នុង​ខេត្ត​ព្រះ​សីហ​នុ និង​មានកម្ម​វិធី​លេង​កីឡាបាល់ទះ​លើ​ខ្សាច់ ដើម្បី​បង្កើន​មិត្តភាព សាម​គ្កី​ភាព​រវាង​កងទ័ពជើងទឹក នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​អូស្ត្រាលី​។

សូម​បញ្ជាក់​ថា កាលពី​ខែសីហា ឆ្នាំ​២០២៤ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក៏​បាន​ទទួល​សំពៅ​របស់​កងទ័ពជើងទឹក​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ចំនួន​០១​គ្រឿង ដែល​បាន​ចូល​សំចត និង​ធ្វើ​ទស្សនកិច្ច​រយ​:​ពេល​៤​ថ្ងៃ​ប្រកបដោយ​មិត្តភាព និង​ភាព​ស្និទ្ធស្នាល​៕