ព្រះសីហនុ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី ៩ ដើម្បីពិនិត្យលើគម្រោងវិនិយោគ និងធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត, ការអនុគ្រោះ និង ការសម្រួលនីតិវិធី ក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ។
នៅក្នុងអង្គប្រជុំនាព្រឹកថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២៤ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ២៧ ដែលមានទុនវិនិយោគសរុប ៣០៦ លានដុល្លារអាមេរិក ជាអាទិ៍ រោងចក្រកែច្នៃអាលុយមីញ៉ូម, សិប្បកម្មកែឆ្នៃដែក, រោងចក្រផលិតបំពង់ទីបដែក, រោងចក្រផលិតចំណីសត្វ, រោងចក្រផលិតគ្រឿងសង្ហារិម, អគារពហុមុខងារ, គម្រោងអភិវឌ្ឍលំនៅដ្ឋាន, ស្ថានីយ៍សាករថយន្តអគ្គិសនី (EVs),សណ្ឋាគារ, និង ភោជនីយដ្ឋាន ។
សូមជម្រាបជូនថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤, ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ចំនួន ៦១ គម្រោង គិតត្រឹមត្រីមាសទី ២ ឆ្នាំ ២០២៤, និង គម្រោងសរុបចំនួន ១១០ គម្រោង គិតត្រឹមថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២៤ ដែលលើសពីគោលដៅសូចនាករ ក្នុងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និង វាយតម្លៃការអនុវត្តកម្មវិធីពិសេស ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបញ្ជាក់ថា ក្រៅពីការពិនិត្យផ្តល់ការលើកទឹកចិត្ត និង ការជំរុញការអនុវត្តវិធានការលើកទឹកចិត្ត ដល់គម្រោងវិនិយោគ និង ធុរកិច្ច, ក្រុមការងារក៏កំពុងអនុវត្តវិធានការផ្សេងទៀត ដើម្បីជំរុញសម្ទុះសកម្មភាពវិនិយោគក្នុងខេត្ត ដែលរួមមាន ការអនុវត្តយុទ្ធនាការទីក្រុងសុវត្ថិភាព, ការរៀបចំវេទិកាទាក់ទាញការវិនិយោគ, ការសិក្សារៀបចំតំបន់សេដ្ឋកិច្ចពិសេសគំរូកម្រិតខ្ពស់, ការគាំទ្រដល់ការអភិវឌ្ឍសួនកសិ-ឧស្សាហកម្ម, និង ការរៀបចំតំបន់អភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់ ចំពោះការចូលរួម ការគាំទ្រ ការប្តេជ្ញា និង ឆន្ទៈខ្ពស់របស់ក្រុមការងារ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ និង អាចអនុញ្ញាតឱ្យគោលការណ៍លើកទឹកចិត្តអនុវត្តបានភ្លាម ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព ។
ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិន អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយឥតគិតថ្លៃ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស»នៅទីតាំងដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានលេខទំនាក់ទំនង៖ +៨៥៥ ១២ ៩០២២០០, +៨៥៥ ៨៩ ៧២៦០២៨ និង +៨៥៥ ១៦ ៣២១០១០ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខ ទំនាក់ទំនង ៖ +៨៥៥ ៩៣ ៨៥៨ ៥៤៣ ៕