កណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំដល់អង្គភាពច្រកចេញចូលតែមួយពាក់ព័ន្ធនឹងសេវាប្រមាណជាង៧០៥សេវាដែលអង្គភាពមាន ត្រូវដាក់តែសេវាសំខាន់ៗ មិនរញ៉េរញ៉ៃ កាត់បន្ថយភាពស្មុគស្មាញ ដើម្បីជួយសម្រួល និងចំណេញពេលវេលាដល់ប្រជាពលរដ្ឋងាយស្រួលមើល ក្នុងការស្វែងរកសេវាដែលពួកគាត់ត្រូវការ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្ដម អភិបាលខេត្ត បានជំរុញឱ្យអង្គភាពច្រកចេញចូលតែមួយរបស់ខេត្ត ត្រូវខិតខំដោះស្រាយនូវរាល់សេវាដែលមានការយឺតយ៉ាវជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេសអង្គភាពត្រូវរៀបចំក្រុមការងារ ដើម្បីចុះជួបផ្ទាល់ដល់មូលដ្ឋានជាមួយអ្នកដែលត្រូវទទួលសេវា ដើម្បីផ្សព្វផ្សាយ ពន្យល់ណែនាំ និងលើកទឹកចិត្តឱ្យពួកគាត់មកទទួលយកសេវារបស់អង្គភាពច្រកចេញចូលតែមួយរបស់ខេត្ត សំដៅងាយស្រួលដល់ការងារគ្រប់គ្រងរវាងអ្នកដែលមកទទួលសេវា និងអ្នកដែលមិនព្រមមកទទួលសេវា ជាពិសេសមន្ទីរដែលមិនមានអ្នកមកទទួលសេវា ក៏ត្រូវចុះធ្វើការស្វែងយល់ ជាមួយអ្នកទទួលសេវា ដើម្បីជំរុញលើកទឹកចិត្ត ឱ្យពួកគាត់មកទទួលសេវារបស់មន្ទីរតាមរយៈអង្គភាពច្រកចេញចូលតែមួយរបស់សាលាខេត្តផងដែរ។
ឯកឧត្តមបានស្នើដល់មន្ទីរព័ត៌មានខេត្ត ត្រូវជូនដំណឹងដល់ម្ចាស់ស្លាកទាំងឡាយណា ដែលបានដាក់តាមដងផ្លូវ មិនមានច្បាប់អនុញ្ញាតត្រូវរុះរើចេញឱ្យអស់ទាំងស្លាក និងគ្រឹះ ដើម្បីចៀសវៀងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ជួយលើកសោភ័ណភាពតាមដងផ្លូវសាធារណៈ ចំពោះការផ្សព្វផ្សាយដែលមានច្បាប់អនុញ្ញាត សូមលើកទឹកចិត្តឱ្យដាក់ស្លាកផ្សព្វផ្សាយតាមជញ្ជាំងផ្ទះវិញ ហើយចំពោះការឌីហ្សាញរូបភាព ក៏ត្រូវពិនិត្យឱ្យបានសមស្រប ចៀសវាងដាក់ពាក្យស្នើសុំផ្សេង តែពេលដាក់ស្លាកផ្សព្វផ្សាយផ្សេងខុសពីអ្វីដែលបានស្នើសុំ។ អង្គភាពច្រកចេញចូលតែមួយរបស់ខេត្តត្រូវខិតខំដោះស្រាយបញ្ហាក្នុងការផ្តល់សេវាដែលមានភាពយឺតយ៉ាវលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សេវាពន្ធដាត្រូវភ្ជាប់ប្រពន្ធតាមដានជាមួយក្រសួងមហាផ្ទៃ វិស័យសាធារណ:ការ និងដឹកជញ្ជូន ត្រូវខិតខំដោះស្រាយបញ្ហាម្ចាស់កំពងចំលងឱ្យមានច្បាប់ត្រឹមត្រូវក្នុងការប្រកបអាជីវកម្ម ត្រូវណែនាំឱ្យម្ចាស់កំពងចំលងមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការដឹកជញ្ជូនប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាពខ្ពស់។
សូមបញ្ជាក់ផងដែរថា អង្គភាពច្រកចេញចូលតែមួយសាលាខេត្តកណ្ដាលមាន១៤វិស័យ រួមមាន ការងារនីត្យានុកូលកម្ម ការងាររដ្ឋបាល វិស័យសុខាភិបាល វិស័យទេសចរណ៍ វិស័យសាធារណការ និងដឹកជញ្ជូន វិស័យវប្បធម៌ និងវិចិត្រសិល្បៈ វិស័យបរិស្ថាន វិស័យឧស្សាហកម្ម សិប្បកម្ម និង នវានុវត្តន៍ វិស័យរ៉ែ និងថាមពល វិស័យពាណិជ្ជកម្ម វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្មើនឹង៧០៥សេវា ដែលក្រសួង ស្ថាប័ន ថ្នាក់ជាតិបានប្រតិភូកម្មឱ្យមករដ្ឋបាលខេត្ត ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួនឱ្យនៅកន្លែងតែមួយ ក្នុងគោលបំណងប្រមូលផ្តុំ និងបង្ខិតសេវានានាឱ្យជិតប្រជាពលរដ្ឋ បង្កលក្ខណៈងាយស្រួលក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ បានងាយស្រួលឆាប់រហ័ស ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ៕