ផ្សោត១ក្បាល ជាប់នឹងឬសកោងកាងនៅស្រុកមណ្ឌលសីមា ត្រូវបានជួយសង្គ្រោះ

0

នាយសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ សហការជាមួយប្រធាន និងសមាជិកសហគមន៍នេសាទពាមក្រសោប នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ថ្មីៗនេះ បានជួយសង្គ្រោះផ្សោតមួយក្បាល ក្រោយពីជាប់នឹងឬសកោងកាង ដែលស្ថិតនៅក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ថនិកសត្វខាងលើ ដែលមានប្រវែង ២,៤០ ម៉ែត្រ ទម្ងន់ប្រមាណ ១២០ គីឡូក្រាម ត្រូវបានមន្ត្រីជំនាញ បាននាំយកទៅព្រលែងចូលទៅក្នុងបឹងធម្មជាតិវិញ នៅចំណុចខាងក្រៅ (ហៅឃ្លងយាយប៉ែន រ៉ន) ស្ថិតនៅក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា។

សូមបញ្ជាក់ជូនថា ផ្សោតទឹកសាបជាថនិកសត្វមួយប្រភេទ ដែលមានដោយកម្រនៅលើពិភពលោក ហើយនៅព្រះរាជាណាចក្រកម្ពុជា មានផ្សោតទឹកសាបមួយប្រភេទ ដែលមានឈ្មោះថា ផ្សោតក្បាលត្រឡោក ឬផ្សោតទន្លេមេគង្គ ហើយឈ្មោះជាភាសាអង់គ្លេសគឺ Irrawaddy Dolphin និងមានឈ្មោះវិទ្យាសាស្ត្រថា Orcaella Brevirostris ។ សព្វថ្ងៃ មានតែប្រទេសចំនួន០៦ប៉ុណ្ណោះ ដែលមានវត្តមានផ្សោតទឹកសាបរស់នៅ ហើយកម្ពុជាជាប្រទេសដែលមានផ្សោតទឹកសាបច្រើនជាងគេ ដែលកំពុងហែលឡើងចុះតាមខ្សែទឹកដងទន្លេមេគង្គនៅម្តុំព្រែកកាំពី ក្នុងខេត្តក្រចេះ។

ផ្សោតទន្លេមេគង្គ គឺត្រូវបានចាត់ទុកថាជារតនៈសម្បត្តិ មានជីវិតដ៏វិសេសវិសាលមួយ ហើយក៏ជាប្រភេទសត្វដែលមានតម្លៃបំផុតសម្រាប់ជាតិយើង ដោយឡែកការបាត់បង់នូវផ្សោតមួយៗ បានធ្វើឱ្យក្រុមការងារដែលធ្វើការងារផ្នែកអភិរក្ស មានការសោកស្តាយបំផុត ប៉ុន្តែក៏រីករាយបំផុតដែរនៅពេលដែលដឹងថាមានការកើនឡើងនូវកូនផ្សោត ឬចំនួនផ្សោត” ។

ចាប់តាំងពីឆ្នាំ២០០១ កម្ពុជាបានធ្វើការសិក្សាស្រាវជ្រាវ និងអភិរក្ស ដោយផ្អែកលើយុទ្ធសាស្រ្តអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលមានផ្នែកសំខាន់ៗចំនួន ០៤ នោះគឺ សកម្មភាពអភិរក្ស ការអប់រំ និងផ្សព្វផ្សាយ ការសិក្សាស្រាវជ្រាវ និងការសម្របសម្រួល និងកិច្ចសហការជាមួយប្រទេសឡាវ។ ក្រោមកិច្ចសហការនេះ បានធ្វើឱ្យចំនួនផ្សោត មានលក្ខណៈថេរ ដោយពុំមានថយចុះច្រើន ឬក៏កើនឡើងច្រើន តាមរយៈការរាប់ចំនួនផ្សោតនៅ ឆ្នាំ២០១៥ មានផ្សោតចំនួន ៨០ក្បាល ហើយនៅឆ្នាំ២០១៧ តាមរយៈការរាប់ និងស្រាវជ្រាវ គឺផ្សោតបានកើនឡើងចំនួន ១២ក្បាល សរុប ៩២ក្បាល ដោយឡែកនៅឆ្នាំ២០២០នេះ ផ្សោតបានធ្លាក់មកនៅសល់ត្រឹមចំនួន ៨៩ក្បាល គឺថយចំនួន ០៣ក្បាល។ នេះបើយោងតាមលោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៃក្រសួងព័ត៌មានកន្លងទៅនេះ។

ប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល បានបន្ថែមថា ជាទូទៅ ផ្សោតត្រូវបានដាក់ឈ្មោះ និងមានលេខកូដរបស់វា ទៅតាមព្រុយខ្នង ដែលព្រុយខ្នងនេះមានភាពខុសប្លែកពីគ្នានៅតាមអន្លង់ដែលពួកវារស់នៅ។ ព្រុយខ្នងនេះគឺជាលក្ខណៈសម្គាល់ដ៏សំខាន់ ដើម្បីកំណត់ចំនួនផ្សោត ឧទាហរណ៍ថាផ្សោតនេះមានព្រុយខ្នងបែបនេះ ត្រូវមានឈ្មោះនេះជាដើម។ល។ ហើយការរាប់ចំនួនផ្សោត គឺរាប់តែចំនួនជំទង់ និងមេពូជប៉ុណ្ណោះ៕