អង្គការសំអាតទន្លេសមុទ្រ៖ យើងត្រូវរួមគ្នាសម្អាតសំរាមក្នុងទន្លេ និងសមុទ្រ ដែលជាការចូលរួមថែរក្សាអនាម័យប្រភពទឹក ជីវៈចម្រុះក្នុងទឹក និងលើកកម្ពស់វិស័យទេសចរណ៍

0

សំរាម​ដែល​ធ្លាក់​ចូល​ទៅ​តាម​ទឹកទន្លេ និង​សមុទ្រ​បាន​កំពុង​បង្ក​ការ​ប៉ះពាល់​ដល់​សត្វ​សមុទ្រ និង​ក៏​ដូច​ជា​មនុស្ស​យើង​។ ដូច្នេះ​ការ​ចូលរួម​ថែរក្សា​អនាម័យ​ប្រភព​ទឹក​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ ជីវៈចម្រុះ​ក្នុង​ទឹក លើកកម្ពស់​សោ​ឲ​ភ័​ណ​ភាព​ទីក្រុង និង​លើកកម្ពស់​វិស័យ​ទេសចរណ៍​ជា​រឿង​សំខាន់​មិន​អាច​មើល​រំលង​បាន​ទេ​។ នេះ​ជា​ការ​បញ្ជាក់​ពី​សំណាក់ លោក នូ សុវណ្ណ នាយក​ប្រតិបត្តិ អង្គការ​សំអាត​ទន្លេ សមុទ្រ​។

បើ​តាម​លោកនាយក​ប្រតិបត្តិ​អង្គការ​សំអាត​ទន្លេ សមុទ្រ បានឱ្យ​ដឹង​ថា កាលពីមុន​មកនេះ​សំរាម​នៅ​តាម​ឆ្នេរសមុទ្រ​ក្រុងព្រះសីហនុ​មាន​ច្រើន ប៉ុន្តែ​បច្ចុប្បន្ន​មិនសូវ​មាន​សំរាម​ទៀត​ទេ​។ ទាំងនេះ​ដោយសារ​ការ​ដឹកនាំ​របស់​អាជ្ញាធរ និង​ពលរដ្ឋ​ដែល​រស់នៅ​ទីកន្លែង​ទាំងនោះ​ចេះ​ទុកដាក់​សំរាម​បាន​ត្រឹមត្រូវ​ជាង​មុន​។ ទោះបី​យ៉ាងណា​នៅ​ខេត្តកោះកុង​វិញ ស្ថានភាព​សំរាម​ហាក់​ពុំ​ទាន់​មាន​ភាពល្អ​ប្រសើរ​ឡើយ ពោល​គឺ​សំរាម​នៅ​តែ​បន្ត​ធ្លាក់​ក្នុង​សមុទ្រ​។

លោក នូ សុវណ្ណ បាន​បញ្ជាក់​ថា ”​អង្គការ​របស់ខ្ញុំ​បាន​ទៅ​ធ្វើការ​សម្អាត​នៅ​កោះ​ស្នេហ៍ ខេត្តកោះកុង បើ​ការ​ពិនិត្យ​គឺ​សំរាម​នៅ​ទីនោះ​ច្រើន​ដោយសារ​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​តាម​មាត់ទឹក ដូច​ជា​តំបន់​ផ្សារ​ត្រី មាន​សំរាម​ជា​ច្រើន​ក្នុង​ទឹក ទាំងនេះ​ដោយសារ​ពលរដ្ឋ​មួយ​ចំនួន​មិន​បាន​យល់​ដឹង​បាន​ចោល​សំរាម​ចូល​ក្នុង​ទឹក​។ ម្យ៉ាង​ដោយសារ​ចរន្តទឹក​ស្រក ទឹក​ឡើង​វា​តែង​ប្រមូលផ្តុំ​មក​កក​ផ្តុំ​ត្រង់​កោះ​ស្នេហ៍​នេះ​តែ​ម្តង​។ កោះ​ស្នេហ៍​នេះ​មាន​ឆ្នេ​ខ្សាច់​ស​ល្អ តែ​ក៏​មាន​សំរាម​នៅ​រាយ​ប៉ាយ​ច្រើន​។ ខ្ញុំ​សង្ឃឹមថា​នៅ​ពេលធ្វើការ​អភិវឌ្ឍ សំរាម​នឹង​ល្អ​ប្រសើរ​ឡើង បងប្អូន​ពលរដ្ឋ​នឹង​ចូលរួម​ទុកដាក់​សំរាម​បាន​ត្រឹមត្រូវ​។ យ៉ាងណា​ក៏​ដោយ​បើ​បងប្អូន​រស់នៅ​តំបន់​ទាំងនេះ​នៅ​តែ​បន្ត​បោះចោល​សំរាម​នោះ​សំរាម​ក្នុង​សមុទ្រ​នឹង​នៅ​ច្រើន​ជាង​មុន​ជាក់​ជា​ពុំខាន​។​ហេតុនេះ​ការ​ទប់ស្កាត់​មិន​ឱ្យ​ប្រជាពលរដ្ឋ​បោះ​សំរាម​ចោល​ក្នុង​សមុទ្រ​បន្ត​ទៅ​ទៀត​ជា​រឿង​សំខាន់​បំផុត​។ យើង​ត្រូវ​រួម​គ្នា​ធ្វើ​យ៉ាងណា​មិន​ត្រូវ​ឱ្យ​មានការ​បំពុល​ទឹកទន្លេ បំពុល​ទឹកសមុទ្រ​យើង​បន្ត​ទៀត​”​។

លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា សម្រាប់​សំរាម​ដែល​ធ្លាក់​ចូល​ទឹក​ច្រើន​បំផុត​នៅ​តំបន់​ខេត្តកោះកុង ដូច​ជា​ខាង​កោះ​ស្តេច កោះ​ស្នេហ៍ ទីកន្លែង​នេះ​គឺ​សម្បូរ​ខ្លាំង​។

ទោះបី​លើក​ឡើង​ថា សំរាម​បាន​ធ្លាក់​ក្នុង​សមុទ្រ​ជា​រៀងរាល់ថ្ងៃ និង រៀង​រាល់​ឆ្នាំ​ក្តី ប៉ុន្តែ នាយក​ប្រតិបត្តិ អង្គការ​សំអាត​ទន្លេ សមុទ្រ​រូប​នេះ​មិន​អាច​ធ្វើការ​ប៉ាន់​ប្រមាណ​ដឹង​នោះ​ឡើយ​ទេ​ថា​មាន​ចំនួន​ប៉ុន្មាន​នោះ​ដែរ ប៉ុន្តែ​លោក​ថា​តាម​ការ​ប៉ាន់​ប្រមាណ​គឺ​សំរាម​រាប់​សិប​តោន​ក្នុង​មួយ​ឆ្នាំ​ៗ​ធ្លាក់​ចូល​សមុទ្រ ដោយ​បាន​លើក​ឡើង​បន្ថែម​ថា តាម​ការ​សង្កេត​ដោយ​ភ្នែក​គេ​ឃើញ​នៅ​តំបន់​ខាងលើ​នោះ​ច្រើន​ខ្លាំង​ណាស់ ហេតុនេះ​នៅ​ខាងក្រោម​ទឹកសមុទ្រ​វា​ច្រើន​លើស​ហ្នឹង​ទៅ​ទៀត​។

គួរ​បញ្ជាក់​ថាបើ​តាម ឯកឧត្តម អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​នា​កន្លង​មក​បាន​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​ចូលរួម​សំអាត​ទឹកសមុទ្រ និង​ពិសេស​ត្រូវ​អប់រំ​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​ត្រូវ​ចូលរួម​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​។ ជាមួយ​គ្នា​ឯកឧត្តម​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ត្រូវ​ទុកដាក់​សំណល់​សំរាម​ប្លា​ស្ទិ​ក​ឱ្យ​បាន​ត្រឹមត្រូវ​ដែល​ជា​ប្រភព​បំពុល​ទឹក បង្ក​គ្រោះថ្នាក់​ដល់​ត្រី​រស់នៅ​សមុទ្រ និង​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​។

អង្គការ​សំអាត​ទន្លេ​សមុទ្រ​បានឱ្យ​ដឹង​ដែរ​ថាបើ​គិត​មក​ដល់​ត្រឹម​ចុងខែ​កក្កដា ឆ្នាំ​២០២៤​កន្លង​មក សំរាម​ជាង​១៨៩០ តោន​ត្រូវ​បាន​ប្រមូល​ចេញពី​ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តសៀមរាប​។ សំរាម​ទាំងអស់​ត្រូវ​បាន​ញែក​តាម​ប្រភេទ​ដើម្បី​បំ​លែង​ជា​ថាមពល និង​ផលិត​ជា​ស៊ីម៉ង់ត៍​៕