ក្រុមជំនាញបញ្ចប់ការងារជួសជុលពង្រឹងខឿនជណ្តើរ និងបង្កាន់ដៃ​នាគផ្នែក​ខាងលិចនៃ​ជណ្តើរកណ្តាល ខាងត្បូងប្រាសាទអង្គរវត្ត

0

 អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ បានបង្ហាញលទ្ធផលការងារនៅក្នុងខែសីហានេះថា ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបានបញ្ចប់ការងារជួសជុលការពង្រឹងខឿនជណ្ដើរនិងបង្កាន់ដៃនាគផ្នែកខាងលិចនៃជណ្ដើរកណ្ដាលខាងត្បូងនៃប្រាសាទអង្គរវត្ត បន្ទាប់ពីចាប់ផ្តើមជួស​ជុលពីខែឧសភាមក។

បុរាណវិទូ លោក សយ សុភារិន្ទ បានរំឭកថា ចំពោះទីតាំងនេះ​មុន​ពេលជួសជុល គឺខឿនជណ្ដើរនាគស្រុត ថ្មហែកញែកចេញពីគ្នា ធ្វើឱ្យនាគមានជំហមិននឹងជាដើម។ ដំណាក់កាលដំបូង ក្រុមការងារ​អាជ្ញាធរជាតិអប្សរា បានជួសជុលពង្រឹងខឿនឡើងវិញ ។បន្ទាប់មក​បានជួសជុលនាគ ឱ្យមានជំហ និងលំនឹងដូចដើមវិញ។

ការងារខាងលើនេះបានចាប់ផ្តើមពីថ្ងៃទី១៥ ខែឧសភា និងបញ្ចប់​ទាំង​ស្រុងនៅថ្ងៃទី១៥ ខែសីហា គឺប្រើពេលបីខែ។ បុរាណវិទូរូប​នេះរំពឹងថា ទីតាំងនេះនឹងមានភាពរឹងមាំ និងសម្រួលដល់​ការទស្សនារបស់​ភ្ញៀវ​ទេសចរតទៅអនាគត ដោយមិនបារម្ភពីហានិភ័យ​នៃការដួលរលំចម្លាក់​នាគបន្តទៀតទេ ព្រោះការជួសជុលអ្នកជំនាញបាន ប្រើបច្ចេកទេសត្រឹម​ត្រូវ បិទពង្រឹងដងខ្លួននាគ ក៏ដូចជាជើងទម្រឱ្យរឹងមាំដូចសភាពដើមវិញ​ហើយ។

ប្រភពដដែលបន្តថា ក្រៅពីទីតាំងខាងលើនេះ អាជ្ញាធរជាតិអប្សរា កំពុង​សិក្សានៅតាមចំណុចផ្សេងៗទៀតដើម្បីលើកគម្រោង ជួសជុលទៅ​អនាគត សំដៅធ្វើយ៉ាងណាអភិរក្ស ជួសជុលបុរាណវត្ថុនានាឱ្យ​ល្អ​ប្រសើរ​ឡើងវិញ៕