Home សង្គម រដ្ឋាភិបាលរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនដូចបានព្យាករថាមានរង្វង់៦ភាគរយ

រដ្ឋាភិបាលរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនដូចបានព្យាករថាមានរង្វង់៦ភាគរយ

0

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញថារាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កំពុងដើរលើគន្លងដ៏វិជ្ជមាន។

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៣សីហាឆ្នាំ២០២៤ សម្តេចធិបតី លើកឡើងអំពីសមិទ្ធផលការងាររយៈពេលមួយឆ្នាំដែលរួមមានគម្រោងហេដ្ឋារចនាសម្ព័ន្ធនិងគមនាគមន៍ធំៗ ដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កំពង់ផែពហុបំណងកំពត ត្រូវបានសាងសង់រួចរាល់ខណៈដែលគម្រោងធំៗមួយចំនួនទៀតកំពុងសាងសង់ដូចជា ព្រែកជីកហ្វូណនតេជោ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងការពង្រីកសមត្ថភាពកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ជាដើម។

សម្តេចធិបតី រំលឹកឡើងវិញថាកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ ត្រូវបានព្យាករថា នឹងកើនដល់ក្នុងរង្វង់ ៦ភាគរយ។

សម្តេចតេជោហ៊ុនសែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានបង្ហោះនៅលើបណ្តាញសង្គមនៅព្រឹកថ្ងៃទី២២សីហានេះ.ចំពេលខួប១ឆ្នាំដែលសម្តេធិបតីហ៊ុនម៉ាណែត បានចូលដឹកនាំប្រទេសក្នុងនាមជានាយករដ្ឋមន្ត្រី ដោយបានលើកសរសើរសមិទ្ធផលការងាររយះពេលមួយឆ្នាំ របស់នាយករដ្ឋមន្ត្រីជំនាន់ថ្មីថា បានដឹកនាំដោយស្វាហាប់ និងការទទួលខុសត្រូវ។

សម្តេចតេជោបានលើកតែចំណុចគន្លឹះមកកត់សំគាល់គឺ រក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់បានអតិផរណារក្សាបានកម្លាំងទិញនៃប្រាក់រៀល។

រក្សាបាននូវកំណើនសេដ្ឋកិច្ច ទោះបីសេដ្ឋកិច្ចតំបន់ និងសកលលោកជួបការលំបាកក៏ដោយ។

ព្រមទាំងរក្សាប្រាក់ចំណូលជាតិបានល្អ ពិសេសសាច់ប្រាក់នៅរតនាគារជាតិ សម្រាប់ចំណាយចរន្តមិនមានការថយចុះទេ បើទោះជាការចំណាយកើនឡើង ដោយការដំឡើងបៀវត្សរ៍ ចំណាយលើការជួយប្រជាជនក៏ដោយ។

សូមរំលឹកថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីឆ្នាំ២០២៣ បានព្យាករពីកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៤ ថានឹងសម្រេច បានក្នុងអត្រា ៦,៦ភាគរយ ជាមួយនឹងអត្រាអតិផរណាស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ក្នុង អត្រា២,៥ភាគរយ និងការរក្សាបាននូវស្ថិរភាពអត្រាប្តូរប្រាក់ ៤ ០៦៥ រៀល ក្នុងមួយដុល្លារ អាម៉េរិក។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ បានចេញរបាយការណ៍ថ្មីមួយដោយបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើងក្នុងអត្រា ៥.៨% ក្នុងឆ្នាំ ២០២៤ ។

ធនាគារពិភពលោកកាលពីថ្ងៃទី៦មិថុនាបានព្យាករថា កម្ពុជានឹងទទួលបានកំណើនសេដ្ឋកិច្ចក្នុងអត្រា ៥,៨% សម្រាប់ឆ្នាំ ២០២៤។

ដោយឡែកការព្យាករចុងក្រោយ បំផុត របស់ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF )កាលពីថ្ងៃទី ៣១ ខែមករា ២០២៤ ថា កំណើនសេដ្ឋកិច្ច កម្ពុជា ស្ថិតក្នុង អត្រា ៦,១ ភាគរយ នៅ ឆ្នាំ២០២៤នេះ៕

Previous articleសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋក្នុង និងក្រៅប្រទេស ដែលចូលរួមបរិច្ចាគក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”
Next articleក្រុមជំនាញបញ្ចប់ការងារជួសជុលពង្រឹងខឿនជណ្តើរ និងបង្កាន់ដៃ​នាគផ្នែក​ខាងលិចនៃ​ជណ្តើរកណ្តាល ខាងត្បូងប្រាសាទអង្គរវត្ត