រដ្ឋាភិបាលជំរុញការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង

0

ភ្នំពេញ៖ ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស.) បានដឹកនាំកិច្ចប្រជុំអំពីការរក្សាសណ្ដាប់ធ្នាប់ប្រព័ន្ធផ្សព្វផ្សាយគ្រឿងស្រវឹងនៅកម្ពុជា ដើម្បីសម្រួលដល់ភាគីម្ចាស់អាជីវកម្មគ្រឿងស្រវឹងអាចទទួលយកបាន ដើម្បីអនុវត្តការផ្សព្វផ្សាយគ្រឿងស្រវឹងដែលគោរពតាមសេចក្តីសម្រេចស្តីពី ការកំណត់បែបបទនីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងដែលមិនបង្កឱ្យមានបញ្ហដល់សណ្ដាប់ធ្នាប់សង្គម តាមការណែនាំនិងជំរុញការងារនេះ ពីឯកឧត្តម នេត្រ ភក្រា្ត រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមក.គ.ផ.ស.។

កិច្ចប្រជុំដែលធ្វើឡើងនៅរសៀលថ្ងៃទី១៥ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការ ក្រសួងព័ត៌មាននេះមានការចូលរួមពីសមាសភាពមន្ត្រី មកពីក្រសួងពាក់ព័ន្ធមកពីក្រសួងមហាផ្ទៃ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលជាក្រុមការងារលេខាធិកាដ្ឋាន។

កិច្ចប្រជុំបានពិនិត្យ លិខិតព្រៀងលើខ្លឹមសារ៖ ពិនិត្យតារាងតម្លៃផ្តល់លិខិតអនុញ្ញតលើសេវាផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងនិតិវិធីទម្រងឯកសារស្នើសុំ លើការអនុញ្ញតប្រកបអាជីវកម្មគ្រឿងស្រវឹង និងរបៀបរបបការងាររបស់លេខាធិការដ្ឋានលើការងារឯកសារក្នុងការពិនិត្យ និងផ្តល់សេវាដោយផ្ទាល់ និងតាមOnline។ អង្គប្រជុំបានពិភាក្សាលើកិច្ចការងារ ដឹកនាំធ្វើ “យុទ្ធនាការឆន្ទៈល្អ” ក្នុងការផ្លាស់ប្តូរឥរិយាបទរបស់អ្នកផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ពីការប្រើប្រាស់រូបភាព និងសារពាណិជ្ជកម្មរបស់ខ្លួនជំនួសមកវិញនូវការប្រើប្រាស់រូបភាព ឬសារអប់រំជាចម្បងនៅលើផ្ទាំងប៉ាណូផ្សព្វផ្សាយធំៗនៅតាមដងផ្លូវនានា និងដាក់ទំហំផលិតផលដែលគាំទ្រសារនោះតូចនៅខាងក្រោម និងត្រៀមរៀបចំគម្រោងធ្វើសិក្ខាសាលាផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីវិធានការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ឱ្យបានទូលំទូលាយជូនដល់គ្រប់ភាគីពាក់ព័ន្ធ៕