ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាយ៉ាងច្រើនដើម្បីអភិវឌ្ឍន៍ផ្លូវទៅកាន់ខេត្តតំបន់ឆ្នេរមានទាំងផ្លូវជាតិ និងផ្លូវល្បឿនលឿន ក្នុងនោះមានផ្លូវចំនួនបួនខ្សែដែលតភ្ជាប់ចេញពីភ្នំពេញ បាន និងកំពុងសាងសង់លើកកម្រិតគុណភាពដែលគ្រោងនឹងបញ្ចប់ទាំងស្រុងនៅឆ្នាំ២០២៦ខាងមុខនេះ ដោយបានចំណាយថវិកាប្រមាណ២៥០លានដុល្លារអាមេរិក ។ជាខេត្តដែលត្រូវបានកំណត់ថា គោលដៅនៃការអភិវឌ្ឍដ៏សំខាន់ក្នុងវិស័យសេដ្ឋកិច្ច សង្គម និងវិស័យទេសចរណ៍។
ផ្លូវទាំងបួនខ្សែដែលរាជរដ្ឋាភិបានបើកការដ្ឋាន និងកំពុងមមាញឹកសាងសង់នោះ រួមមាន ផ្លូវជាតិលេខ៤១ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចថ្នល់ទទឹង ខេត្តកំពង់ស្ពឺ ទៅកាន់ផ្លូវជាតិលេខ៣ ក្នុងខេត្តកំពត និងបន្តទៅកាន់ទីរួមខេត្តកំពត ។ ផ្លូវនេះត្រូវបានរាជរដ្ឋាភិបាលគ្រោងចំណាយប្រមាណ៦៧លានដុល្លារ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៦ ។
ចំណែកផ្លូវជាតិលេខ៣១ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៣ ត្រង់ចំណុចបែកគុសខេត្តតាកែវ ទៅកាន់ទីរួមស្រុកកំពង់ត្រាច ខេត្តកំពត ក៏បានបើកការដ្ឋាន និងសាងសង់បានជិត១០០ភាគរយហើយ ។ ផ្លូវនេះមានសារសំខាន់ក្នុងការតភ្ជាប់ពីភ្នំពេញទៅកាន់ស្រុកកំពង់ត្រាច និងតភ្ជាប់ផ្លូវជាតិលេខ៣៣ ដោយរដ្ឋាភិបាលគ្រោងចំណាយប្រមាណ៦០លានដុល្លារ ហើយរំពឹងថានឹងបញ្ចប់ក្នុងឆ្នាំ២០២៦ដែរ។
ដោយឡែកផ្លូវជាតិលេខ៣៣ ដែលតភ្ជាប់ពីកំពង់ត្រាចទៅកាន់ទីរួមខេត្តកំពត ដោយកាត់តាមក្រុងកែប ខេត្តកែប ក៏នឹងបញ្ចប់នៅពេលឆាប់ៗនេះដែរ ។ ផ្លូវជាតិលេខ៣៣ ត្រូវបានចំណាយថវិកាសាងសង់អស់ប្រមាណ៦១លានដុល្លារ ។ គិតត្រឹមបច្ចុប្បន្ន គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចវឌ្ឍនភាពប្រមាណ៩០ភាគរយហើយ ។
ផ្លូវដ៏សំខាន់មួយទៀត ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចស្រែអំបិលទៅកាន់ទីរួមខេត្តកោះ គឺផ្លូវជាតិលេខ៤៨ ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់តំបន់សមុទ្រនៃខេត្តកោះកុងតាមរយៈផ្លូវជាតិលេខ៤ ត្រូវបានរាជរដ្ឋាភិបាលចំណាយប្រមាណ៦៥លានដុល្លារ ។ គិតត្រឹមចុងខែកក្កដាកន្លងទៅគម្រោងអភិវឌ្ឍន៍ផ្លូវជាតិលេខ៤៨ សម្រេចបានប្រមាណ ៦៣,៣១ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៥ខាងមុខ ៕