ភ្នំពេញ៖ ដោយទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវចាប់ខ្លួន ជនឆ្លៀតឳកាសលួចយកសម្ភារមានតម្លៃពេលជនរងគ្រោះដួលម៉ូតូសន្លប់មិនដឹងខ្លួន ។
នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០០ និង ៥០នាទី កណ្តាលអធ្រាត្រ មានជនរងគ្រោះ ០១នាក់ ឈ្មោះ ងយ សំណាង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូ ០១គ្រឿង ម៉ាក និច ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 1HZ-2913 ដួលម្នាក់ឯងតាមផ្លូវ បណ្តាលឲ្យរងរបួសនិងសន្លប់បាត់បង់ស្មារតី នៅចំណុចតាមបណ្តោយផ្លូវលេខ៦០៨ មុខផ្ទះលេខ១៥ ស្ថិតនៅក្រុមទី៧៧ ភូមិ១៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ភ្លាមនោះក៏មានជនឆ្លៀតឳកាស បានធ្វើសកម្មភាព លួចយកសម្ភារមានតម្លៃរបស់ជនរងគ្រោះដូចជា ខ្សែកផ្លាកទីនមានបន្តោងរូបព្រះ ០១ខ្សែ មានទម្ងន់ ០៥ជី ,ចិញ្ចៀនមាស ០១វង់ ,ទូរស័ព្ទដៃ ០២គ្រឿង (ម៉ាក Iphone 15 និងម៉ាក Iphone 7 Plush) ,កាបូបលុយ ០១ ពណ៌សូកូឡា ក្នុងនោះមាន អត្តសញ្ញាណប័ណ្ណ ០១សន្លឹក ,ប័ណ្ណសម្គាល់យានយន្ត (កាតគ្រីម៉ូតូ) ០១សន្លឹក និងកាតផ្សេងៗមួយចំនួន រួចគេចខ្លួនបាត់ ។
ដោយទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៤ និង ៣០នាទី ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ នៅចំណុចផ្លូវរថភ្លើង ស្ថិតនៅក្រុមទី១០៥ ភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងដកហូតបានសម្ភារវត្ថុតាងដែលជារបស់ជនរងគ្រោះត្រឡប់មកវិញ ។
ជនរងគ្រោះឈ្មោះ ងយ សំណាង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅ ផ្ទះលេខ១៧ ផ្លូវ២៣ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលរបួសនៅមន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ។
ជនសង្ស័យទាំង ០២នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ហេង ប៊ុនម៉េង ហៅ ប៊ី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួល ភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
២-ឈ្មោះ ម៉ី ថាវរិទ្ធិ ហៅ ខ្យង ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅ ផ្ទះលេខ២៩ ផ្លូវ៦១៤ស្ទួន សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកបានរួមមាន៖
-ទូរស័ព្ទដៃ ០២គ្រឿង ម៉ាក Iphone 15 និងម៉ាក Iphone 7 Plush (ផលនៃបទល្មើស)
-ខ្សែកលោហៈមានបន្តោងរូបព្រះ ០១ខ្សែ ពណ៌ទឹកមាស (ផលនៃបទល្មើស)
-កាបូបលុយ ០១ ពណ៌សូកូឡា មានអត្តសញ្ញាណប័ណ្ណ ០១សន្លឹក ,ប័ណ្ណសម្គាល់យានយន្ត ០១សន្លឹក និងកាតផ្សេងៗមួយចំនួន (ផលនៃបទល្មើស)
-សម្ភារមួយចំនួន ។
ចំពោះសម្ភារវត្ថុតាងដែលជារបស់ជនរងគ្រោះ នៅថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១០ និង ៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានយកទៅប្រគល់ជូនជនរងគ្រោះវិញ នៅមន្ទីពេទ្យដែលជនរងគ្រោះកំពុងសម្រាកព្យាបាលរបួស ។ រីឯជនសង្ស័យទាំង ០២នាក់ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងកសាងសំណុំរឿងបញ្ជូណទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕