សមត្ថកិច្ចកោះហៅ​បុគ្គល​ឈ្មោះ ជឿន ចក់ ហៅ​ជីងចក់ មកបំភ្លឺ​ពាក់ព័ន្ធ​ករណី​ប្រមាថ និង​ញុះ​ញ៉​ង់​អោយ​មានការ​រើសអើង មក​លើ​កងកម្លាំងប្រដាប់អាវុធ ជា​ពិសេស​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​២​រសៀល ដោយ​មាន​បញ្ជា​ផ្ទាល់​ពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជា ពៅ អគ្គស្នងការ​រង​នគរបាល​ជាតិ ទទួល​ការងារ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​កោះហៅ​បុគ្គល​ឈ្មោះ ជឿន ចក់ ហៅ​ជីងចក់ ជា​ម្ចាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “Choeun Chork” មក​បំភ្លឺ​នៅ​នាយកដ្ឋាន ពាក់ព័ន្ធ​ករណី​ប្រមាថ និង​ញុះ​ញ៉​ង់​អោយ​មានការ​រើសអើង ធ្វើ​អោយ​មហាជន ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម មានការ​ស្អប់ខ្ពើម យល់​ច្រ​លំ មក​លើ​កងកម្លាំងប្រដាប់អាវុធ ជា​ពិសេស​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។

ចំពោះ​មុខ​សមត្ថកិច្ច​ឈ្មោះ ជឿន ចក់ ហៅ​ជីងចក់ បាន​ទទួលស្គាល់​នូវ​កំហុស​របស់​ខ្លួន នៅ​ពេល​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេ​ស​បុក​របស់​ខ្លួន ដោយ​បាន​និយាយ​លើសលួស​ប៉ះពាល់​ដល់​ស្ថាប័ន​កងកម្លាំង ជា​ពិសេស​គឺ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​បាន​លុប​នូវ​វិ​ដេ​អូ ក្រោយ​ការ​ផ្សាយ​ចប់​រយះ​ពេល​២​ម៉ោង​ក្រោយ ប៉ុន្ដែ​មាន​ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​បាន​ទាញ​យក វី​ដេ​អូ​នេះ​ទៅ​កាត់​យក​ចំនុច​ដែល​ខ្លួន​បាន​និយាយ​ប្រមាថ​ដោយ​អ​ចេតនា​ទាំងនោះ​ទៅ​ផ្សាយ​បន្ដ និង​មានការ​ចែករំលែក​ជា​ច្រើន​ទៀត​។ ដោយ​ឃើញ​មានការ​ផ្ទុះ​នូវ​ព័ត៌មាន​នេះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ខ្លាំង ទើប​បុគ្គល​ឈ្មោះ ជឿន ចក់ ក៏​បាន​ចេញ​វី​ដេ​អូ​សុំ​ទោស​ដល់​ស្ថាប័ន​កងកម្លាំង ជា​ពិសេស​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។

ក្រោយ​ពី​ទទួល​បានការ​អប់រំ ណែនាំ និង​ធ្វើ​កិច្ចសន្យា បុគ្គល​ឈ្មោះ ជឿន ចក់ ហៅ​ជីងចក់ បាន​សន្យា​ចំពោះ​មុខ​សមត្ថកិច្ច​ថា​នឹង​មិន​និយាយ​អ្វី​អោយ​ប៉ះពាល់​ដល់​ស្ថាប័ន​កងកម្លាំង​នា​ពេល​ក្រោយ​ទៀត​ហើយ និង​បាន​យល់ព្រម​ធ្វើ​កិច្ចសន្យា​ជា​លាយ​លក្ខ​អក្សរ សុំ​ទោស​ដល់ ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ពិសេស សុំ​ទោស​ចំពោះ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ចំពោះ​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​កន្លង​មក​។

សមត្ថកិច្ច​នឹង​បន្ត​តាមដាន​សកម្មភាព​របស់​បុគ្គល​ខាងលើ និង​អនុវត្ត​នីតិវិធី​បន្ត បើ​មិន​អនុវត្ត​តាម​ការ​សន្យា​។
នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ក្រើនរំលឹក​ដល់​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​ទាំងអស់ សូម​មេត្តា​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​បញ្ចេញមតិ​ណាមួយ​ដែល​ប៉ះពាល់​ដល់​ស្ថាប័ន​នានា ជៀសវាង​មាន​បញ្ហា ដែល​អាច​ប្រឈម​នឹង​ផ្លូវច្បាប់​ជា​ធរមាន​៕

May be an image of text