ស្ថានភាពទឹកជំនន់ខេត្តកំពង់ធំ នៅតែបន្តកើនឡើងលើសពីកម្រិត ប្រកាសប្រុងប្រយ័ត្នហើយ

0

កំពង់ធំ៖ ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកជន​ពិសេស និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​អន្តរាយ កាលពី​រសៀល​ថ្ងៃ​ចន្ទ ទី​២៩ ខែកក្កដា ឆ្នាំ​២០២៤ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ផល​ប៉ះពាល់ និង ខូចខាត លើ​ដំណាំ​ស្រូវ​របស់​ប្រជា​កសិករ​ដោយ​ទឹកជំនន់​ទឹកភ្លៀង​នៅ​ឃុំ​ក្ដី​ដូង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។

តាម​សេចក្ដីរាយការណ៍​របស់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ធំ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​៣០ ខែកក្កដា ឆ្នាំ​២០២៤​នេះ បានឱ្យ​ដឹង​ថា ទឹកជំនន់​ទឹកភ្លៀង នៅ​ខេត្តកំពង់ធំ នៅ​តែ​បន្ត​កើនឡើង និង​មាន​ភ្លៀង​ធ្លាក់​ជា​រៀងរាល់ថ្ងៃ លើស​ពី​កម្រិត ប្រកាស​ប្រុង​ប្រយ័ត្ន​ហើយ​។

ថ្ងៃនេះ នៅ​ស្ថានីយ​កំពង់ធំ ទឹក​មាន​កម្ពស់​១៣,៦៩​ម៉ែត្រ ខ្ពស់​ជាង​ថ្ងៃ​ម្សិលមិញ ០,០៦​ម៉ែត្រ ហើយ​កម្រិត​ទឹក​ដែល​ត្រូវ​ប្រកាស​ប្រុង​ប្រយ័ត្ន​១៣,៥០​ម៉ែត្រ​។ ចំពោះ​នៅ​ស្ថានីយ សណ្ដាន់​ស្រុក​សណ្ដាន់​ទឹក​មាន​កម្ពស់​១៩,១៦​ម៉ែត្រ ខ្ពស់​ជាង​ថ្ងៃ​ម្សិលមិញ​០,១២​ម៉ែត្រ កម្ពស់​ទឹក​ត្រូវ​ប្រកាស​ប្រុង​ប្រយ័ត្ន​១៨,៥០​ម៉ែត្រ​។

កាលពី​ពេល​ថ្មី​កន្លង​ថ្ងៃនេះ រដ្ឋបាល​ខេត្តកំពង់ធំ ក៏​បាន​ចេញ​សេចក្ដីជូនដំណឹង ស្តី​ពី​ស្ថានភាព​ទឹកជំនន់​ដើម្បី ឱ្យ​ប្រជាពលរដ្ឋ​នៅ​តាម បណ្ដោយ​ដងស្ទឹង​សែន​មានការ ប្រុង​ប្រយ័ត្ន​ខ្ពស់ ជា​ពិសេស​ចំពោះ​បងប្អូន​ដែល​រស់នៅ​ក្នុង​តំបន់ ងាយ​រង​គ្រោះ និង​សូម​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ក្នុង​ការ​ត្រៀម​រៀបចំ​ផែនការ​អន្តរាគមន៍ និង ត្រៀម​រៀបចំ​ទីទួល​សុវត្ថិភាព ឱ្យ​បាន​សមរម្យ​ក្នុង​ការ​ជម្លៀស ប្រជាពលរដ្ឋ​ទៅ​ទីទួល សុវត្ថិភាព​ក្នុងអំឡុងពេល​ដែល​មាន​គ្រោះ​អន្តរាយ​ទឹកជំនន់​មក​ដល់​ម្យ៉ាងទៀត​ត្រូវ​ផ្សព្វផ្សាយ​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​លើ​សុខភាព​អនាម័យ​ដើម្បី​ចៀសវាង​ជំងឺឆ្លង​ផ្សេង​ៗ​។

តាម​សេចក្ដីរាយការណ៍​ពី​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ធំ​កាលពី​រសៀល​ថ្ងៃ​ចន្ទ ទី​២៩ ខែកក្កដា ឆ្នាំ​២០២៤ បានឱ្យ​ដឹង​ថា ស្ថានភាព​ទឹកជំនន់ ទឹកភ្លៀង​ធ្វើ​ឱ្យ ប៉ះពាល់​និង​ខូចខាត​លើ​ដំណាំ​ស្រូវ​របស់​ប្រជា​កសិករ​ជា​ច្រើន​ហិ​កតា​។ ក្នុង នោះ ប៉ះពាល់ និង​ខូចខាត​លើ ០៨ ក្រុង​/​ស្រុក​។ ស្រុក​កំពង់ស្វាយ ស្ទឹង​សែន ប្រាសាទ​សំបូរ សណ្ដាន់ បារាយណ៍ ស​ន្ទុ​ក ស្ទោង​និង​ស្រុក​តាំងគោក​ស្មើ ២៦​ឃុំ​/​សង្កាត់ លើ​១០៧​ភូមិ ស្មើនឹង​២ ៥៣៦ គ្រួសារ ផ្ទៃដី​ប៉ះពាល់ ចំនួន​៣ ៣១៥​ហិ​កតា និង​ខូចខាត​ទាំងស្រុង ចំនួន​១៩០៥ ហិ​កតា​ស្មើនឹង​១ ៥២៥​គ្រួសារ​។ ស្រុក​កំពង់ស្វាយ​ប៉ះពាល់​និង​ខូចខាត​ធ្ងន់ធ្ងរ ជាងគេ​។ ការងារ​អង្ករ​បង្កើន​ផល​របស់​កសិករ​ខេត្តកំពង់ធំ​គិត ត្រឹម​ថ្ងៃ​ទី​២៩ ខែកក្កដា​ឆ្នាំ ២០២៤​អនុវត្តន៍ បាន​ចំនួន​២០២៦០៣​ហិ​កតា​ស្មើនឹង​៩៤,៩៨​ភាគរយ​នៃ​ផែនការ ២១៣៣០០​ហិ​កតា​កើន លើស​ឆ្នាំ​មុន​ក្នុង​រយៈពេល​ដូច​គ្នា​ចំនួន​៥៨២៤​ហិ​កតា​៕