ពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀងចំនួន ១៤៧គ្រួសារ ត្រូវបានអាជ្ញាធរ ជម្លៀសមកស្នាក់បណ្តោះអាសន្ន នៅទីទួលសុវត្ថិភាព

0

កណ្តាល៖ ​ប្រជាពលរដ្ឋ រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ចំនួន​១៤៧​គ្រួសារ ដែល​រស់នៅ​តាម​បណ្តោយ ប្រឡាយ​៩៤ និង​ប្រឡាយ​៩៦ ស្ថិត​នៅ ស្រុក​កណ្តាលស្ទឹង និង​ក្រុង​តា​ខ្មៅ ត្រូវ​បាន​អាជ្ញាធរ ជំលៀស​មក​ស្នាក់​នៅ​បណ្តោះអាសន្ន នៅ​ទីទួល​សុ​វត្តិភាព​ដើម្បី​បញ្ជៀ​ស នូវ​គ្រោះថ្នាក់​ណាមួយ​ជាយថាហេតុ​។

ខណៈ​ដឹកនាំ​មន្ត្រី​ជំនាញ អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​ស្រុក​កណ្ដាលស្ទឹង និង​ក្រុង​តា​ខ្មៅ ចុះ​ពិនិត្យ​ស្ថានភាព ជំនន់​ទឹកភ្លៀង នៅ​តាម​បណ្តោយ ប្រឡាយ លេខ​៩៤ និង​ប្រឡាយ​លេខ ៩៦ ស្ថិត​នៅ ស្រុក​កណ្តាលស្ទឹង និង​ក្រុង​តា​ខ្មៅ នា​រសៀល​ថ្ងៃ​ទី​២៨​កក្កដា​នេះ ឯកឧត្ដម ហាក់ សុខ​មក​រា​អភិបាលរង​ខេត្កណ្តាល តំណាង​ឯកឧត្ដម គួ​ច​ចំរើន អភិបាល​ខេត្តកណ្តាល បាន​ណែនាំ​ដល់​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច ស្រុក​កណ្ដាលស្ទឹង និង​ក្រុង​តា​ខ្មៅ ត្រូវ​ជំលៀស​ប្រជាពលរដ្ឋ មក​ស្នាក់​នៅ​ទីទួល​សុវត្ថិភាព បណ្តោះអាសន្ន ដើម្បី​បញ្ជៀ​ស​នូវ​គ្រោះថ្នាក់​ណាមួយ​កើតឡើង​ជាយថាហេតុ ព្រោះថា​ស្ថានភាព​ទឹក​នៅ​ពេល​នេះ នៅ​តែ​បន្ត​ឡើងជា​បន្តបន្ទាប់​។

ជាមួយ​គ្នា​នេះ ឯកឧត្ដម អភិបាលរង​ខេត្ត ក៍បាន​ណែនាំ​ផង​ដែរ ត្រូវ​ចុះ​ដល់​មូលដ្ឋាន ដែល​កំពុង​ជន់​លិច​ដោយ​ជំនន់​ទឺ​ក​ភ្លៀង ដោយ​មិន​ឱ្យ​មាន ប្រជាពលរដ្ឋ​ណា​ម្នាក់​បន្ត​រស់នៅ​តំបន់ ដែល​រង​ហានិភ័យ​ដោយ​ជំនន់​ទឹកភ្លៀង​នេះ​ឡើយ​។

ទន្ទឹម​និង​នោះ​ដែរ អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការ​ការពារ​និង​ថែរក្សា​សុវត្ថិភាព របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មក​ស្នាក់​នៅ​បណ្ដោះអាសន្ន នៅ​ទីទួល​សុវត្ថិភាព​នៅ​មូលដ្ឋាន​របស់​ខ្លួន ឲ្យ​បាន​ល្អ​ប្រសើរ​។

ជាមួយ​គ្នា​នេះ​ផង​ដែរ ឯកឧត្តម​អភិបាលរង​ខេត្ត បាន​ណែនាំ​ដល់​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ត្រូវ​រៀបចំ​ប្រ​ព​ន្ធ័​ទឹក​ស្អាត បង្គន់​អនាម័យ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មក​ស្នាក់​នៅ​បណ្ដោះអាសន្ន នៅ​ទីទួល​សុវត្ថិភាព​នេះ ឱ្យ​បាន​គ្រប់គ្រាន់ និង​ធានា​សុវត្ថិភាព​។

សូម​បញ្ជាក់​ថា​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ បណ្ដាល​ធ្វើ​ឱ្យ​ស្ទឹង​ព្រែក​ត្នោត និង​តំបន់​មួយ​ចំនួន​មានការ​ជន់​លិច ដោយ​ជំនន់​ទឹកភ្លៀង ក្នុង​នោះ​សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ប្រជាពលរដ្ឋ​ចំនួន ១១០​គ្រួសារ​បាន​រង​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង និង​បាន​ជំលៀស មក​ស្នាក់​នៅ ទីទួល​សុវត្ថិភាព​រួច​ហើយ និង​៨៨ គ្រួសារ​ទៀត ទទួល​រង​នូវ​ផល​ប៉ះពាល់​។

ដោយឡែក នៅ​ឃុំ​ក​ណ្ដោ​ក ស្រុក​កណ្ដាលស្ទឹង ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​មាន​ចំនួន ២៩៤ គ្រួសារ ហើយ​គ្រួសារ​ជំលៀស​មក​ស្នាក់​នៅ​បណ្តោះអាសន្ន នៅ​ទីទួល​សុវត្ថិភាព មាន​ចំនួន ៣៧ គ្រួសារ​៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តកណ្តាល