អ្នកមានជាន់ថ្មី សម្តែងឬទ្ធិក្នុងក្លឹប ត្រូវបានអាវុធហត្ថភ្នំពេញឃាត់ខ្លួនបញ្ជូនទៅតុលាការ!

0

ភ្នំពេញ៖ នៅ​វេលា​ម៉ោង​ប្រមាណ ០០​និង​៣០​នាទី ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៤ មាន​មនុស្ស​ប្រុស​ស្រី​មួយ​ក្រុម បាន​នាំ​គ្នា​ចូល​ក្លឹ​ប​កំសាន្ត Central.X ដោយ​ហៅ​ស្រា Hennessy ០២​ដប ផឹកស៊ី​យ៉ាង​ហ៊ឺហា សម្ញែង​ឬក​បែប​អភិជន ដោយ​ក្នុង​នោះ​បុរស​ម្នាក់​ដែល​អ្នក​ផ្សេង​ក្នុង​ក្រុម​ហែរ​ហម​លើកតម្កើង​ជា​មនុស្ស​សំខាន់​ជាងគេ បាន​ដក​កាំភ្លើងខ្លី​មួយ​ដើម​ចេញពី​ចង្កេះ អា​មេ​បញ្ចូល​គ្រាប់ កាន់​រេ​ចុះឡើង សម្ញែង​ទៅ​លើ​ទៅ​ក្រោម ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​ដ៏​ទៃ​ទៀត​ដែល​នៅ​សា​ឡុ​ង​ក្បែរ​ៗ​នោះ​។ ដោយ​ឃើញ​សភាព​បែប​នេះ មេការ​ក្លឹ​ប​បាន​តាម​អង្វរ​បុរស​ម្នាក់​នោះ សុំ​ឲ្យ​យក​កាំភ្លើង​ទៅ​ទុក​ក្នុង​ឡាន ស្រាប់តែ​បុរស​នោះ បាន​បាញ់​ឡើង​លើ​០១​គ្រាប់ ដើម្បី​សម្តែង​ឬ​ទ្ធិ​អំណាច​របស់​ខ្លួន ធ្វើ​ឲ្យ​ភ្ញៀវ​ផ្អើល​ឈូរ​ឆរ​រត់​ចេញ​ក្រៅ ត្រូវ​បាន​ក្រុម​សន្តិសុខ​រាយការណ៍​ជូន​អាវុធហត្ថ​ខណ្ឌចំការមន ចុះ​អន្តរាគមន៍​និង​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​យក​ទៅ​អនុវត្ត​តាម​និ​តិ​វិធី ព្រមទាំង​ដកហូត​អាវុធ​ខ្លី​បាន ០២​ដើម ដោយ​មួយ​ដើម ម៉ាក GLOCK19 ជា​អាវុធ​ដែល​ជនសង្ស័យ កាន់​ធ្វើ​សកម្មភាព​បាញ់​សម្ញែង និង​មួយ​ដើម​ទៀត ម៉ាក EKOL VOLGA សមត្ថកិច្ច​ឆែក​ឃើញ​ក្នុង​រថយន្ត​របស់​ជនសង្ស័យ​។

ក្រោយ​ពេល​ស្តាប់​ចម្លើយ ជនសង្ស័យ​មាន ឈ្មោះ ខុន បញ្ច​សិទ្ធិ ដែល​គេ​ដឹង​ថា​ជា​អ្នកមាន​ជាន់​ថ្មី ដោយសារ​ការ​រកស៊ី​ខាង​ដីធ្លី បាន​សារភាព​ទទួលស្គាល់​ថា អាវុធ​ខ្លី​ពិតជា​របស់​ខ្លួន​មែន តែ​អ្នក​បាញ់​គឺជា តៃកុង​ឡាន​ខ្លួន​នោះ​ទេ រីឯ​តៃ​កង​ឡាន បាន​សារភាព​ទទួលស្គាល់​ថា​ខ្លួន​ពិតជា​អ្នក​បាញ់​ដូច​សម្តី​មេ​ខ្លួន​បាន​លើក​ឡើង​ពិតប្រាកដ​មែន​។ តែ​តាម​វិធាន​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ រក​តម្រុយ​ឃើញ​ថា​អ្នក​បាញ់​ពិតប្រាកដ​គឺជា​បុគ្គល​ឈ្មោះ ខុន បញ្ច​សិទ្ធិ មិនមែន​ជា​តៃកុង​ឡាន​នោះ​ទេ​។ ដោយ​ជនសង្ស័យ​ទាំង​ពីរ​នៅ​តែ​ផ្តល់​ចម្លើយ​ផ្ទុយ​ពី​សាក្សី​និង​ភស្តុ​តាង សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​ធ្វើការ​ឃាត់ខ្លួន​ទាំង​ពីរ​នាក់ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ​តែ​ម្តង​៕

ប្រភព៖ Phnom Penh Gendarmerie