កំណាត់ផ្លូវជាតិលេខ១០ នៅត្រង់ចំណុច PK90+600 ដែលរអិលបាក់ស្រុត ត្រូវបានតភ្ជាប់ឡើងវិញ និងអាចចរាចរណ៍បានសម្រាប់រថយន្តធុនស្រាល

0

ពោធិ៍សាត់៖ នា​រសៀល​ថ្ងៃ​សៅរ៍ ទី​២៧ ខែកក្កដា ឆ្នាំ​២០២៤ ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អញ្ជើញ​ចុះ​ពិនិត្យ និង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន នៅ​កំណាត់​ផ្លូវជាតិ​លេខ​១០ នៅ​ត្រង់​ចំណុច PK90+600 ដែល​បាន​រអិល​បាក់​ស្រុត ស្ថិត​ក្នុងស្រុក​វាល​វែង ក្នុង​ខេត្តពោធិ៍សាត់ ដោយ​មានការ​ចូលរួម​អមដំណើរ​ពី​ថ្នាក់ដឹកនាំ​ក្រសួង អាជ្ញាធរ​ដែនដី ក្រុមការងារ​បច្ចេកទេស ភាគី​ក្រុមហ៊ុន និង​ភាគី​ពាក់ព័ន្ធ​ទៀត​ផង​ដែរ​។

ទីតាំង​លើ​កំណាត់​ផ្លូវជាតិ ដែល​មាន​ដី​រអិល​បាក់​ស្រុត​នេះ បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​ជា​ប្រចាំ​ជោកជាំ ប្រមាណ​២​ស​ប្តា​ហ៍​ជាប់​ៗ​គ្នា ដែល​មាន​កំរិត​ទឹកភ្លៀង​ខុស​ពី​ធម្មតា បាន​ធ្វើ​ឱ្យ​ហូរ​ច្រោះ​ដី​នៅ​ស្រទាប់​ខាងក្រោម និង​បាក់​ស្រុត នា​ល្ងាច​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៤ កន្លង​មកនេះ​។

ក្រុមការងារ​បច្ចេកទេស​របស់​ក្រសួង និង​ភាគី​ក្រុមហ៊ុន បាន​ធ្វើការ​យ៉ាង​សកម្ម ក្នុង​ការ​ជួសជុល និង​ត​ភ្ជាប់​ឡើង​វិញ រហូត​អាច​ចរាចរណ៍​ជា​បណ្តោះអាសន្ន​បាន​សម្រាប់​រថយន្ត​ធុន​ស្រាល និង​ខិតខំ​រួម​គ្នា​បន្ត​ដោះស្រាយ ដើម្បី​អាច​បើក​ចរាចរណ៍​ធម្មតា​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​ចុងខែ​កក្កដា ឆ្នាំ​២០២៤​នេះ គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​១០ សម្រេច​បាន​៨៩,៥៦% ហើយ​។​ផ្លូវជាតិ​លេខ​១០​នេះ ជា​ប្រភេទ​ផ្លូវ Grade III ក្រាល​កៅស៊ូ​ពីរ​ស្រទាប់ (DBST) មាន​ប្រវែង​សរុប ១៩៨,៥១ គីឡូម៉ែត្រ និង​ត​ភ្ជាប់​ខេត្ត​ចំនួន​៣ រួម​មាន​៖ ខេត្តកោះកុង ខេត្តពោធិ៍សាត់ និង​ខេត្តបាត់ដំបង​។ គម្រោង​សាងសង់​ផ្លូវ​នេះ មាន​រយៈពេល ៦៦​ខែ និង​បាន​ចាប់ផ្ដើម​សាងសង់​ពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ ហើយ​គ្រោង​នឹង​បញ្ចប់​នា​ខែមិថុនា ឆ្នាំ​២០២៥​ខាង​មុខ​នេះ​៕