តាកែវ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ នៅថ្ងៃអង្គារ ០៣រោចខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២២និង០០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ ហាក់ ថៅ ស្ថិតនៅក្នុងភូមិស្វាយខាងជើង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ កើតមានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ០១ករណី ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ជាង សីហា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ បានធ្វើសកម្មភាពយកម៉ាឡេត វាយទៅលើជនរងគ្រោះឈ្មោះ ហាក់ ថៅ ភេទស្រី អាយុ៨៨ឆ្នាំ មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា បណ្តាលឱ្យបែកក្បាលពី ក្រោយនៅខាងឆ្វេងមួយកន្លែង ស្មាខាងក្រោយមួយកន្លែង នឹងបាក់ដងកាំបិតខាងស្តាំមួយកន្លែងធ្វើឱ្យរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស ចំណែកជនបង្កក្រោយពីធ្វើសកម្មភាពរួចក៏បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។
ក្រោយពីទទួលបានពាក្យបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាស្រែ ធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៥និង៣០នាទី ឃាត់ខ្លួនជនសង្ស័យខាងលើនៅចំណុចផ្ទះឈ្មោះ ជួន សារ៉េត ស្ថិតនៅភូមិស្វាយខាងជើង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី។ មូលហេតុ ជនបង្កខឹងកូនរបស់ជនរងគ្រោះ។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕