តាកែវ៖ កាលពីវេលាម៉ោង ១៨:៤០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ មានករណីគ្រោះអគ្គីភ័យ មួយបានកើតឡើងនៅម្ដុំ ផ្ទះលក់សម្ភារៈគ្រឿងបន្លាស់រថយន្ត និងម៉ូតូ ស្ថិតនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ដែលបានឆេះផ្ទះពលរដ្ឋ ៥ល្វែង និងមិនមានមនុស្សរងគ្រោះថ្នាក់នោះទេ។
អំឡុងពេលកើតហេតុភ្លាមៗនោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ បានដឹកនាំកម្លាំងចម្រុះ នគរបាល អាវុធហត្ថ ទាហាន ចុះអន្តរាគមន៍ភ្លាមៗ ជួយគ្រប់គ្រងស្ថានការណ៍គ្រោះអគ្គីភ័យនេះ ក្រោមដំណក់ទឹកភ្លៀង។
យោងតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរង និងជាអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងខាងស្នងការដ្ឋានបាន ប្រើប្រាស់ឡានទឹក សរុប ១៤គ្រឿង ខាង ស្នងការដ្ឋានខេត្តតាកែវ ១១រថយន្ត និងខាងស្នងការនគរបាលរាជធានីភ្នំពេញ ៣រថយន្ត បានចុះជួយបាញ់ទឹកពន្លត់ អគ្គីភ័យ ឆេះផ្ទះបងប្អូនប្រជាពលរដ្ឋ នៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ដោយបានប្រើប្រាស់ទឹកអស់ ចំនួន ៧១រថយន្ត ទើបអាចគ្រប់គ្រងស្ថានការគ្រោះអគ្គីភ័យនេះ រលត់ទាំងស្រុង បាន នៅវេលាម៉ោង ០៥:១០នាទី ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ ៕