រដ្ឋបាលខេត្តកំពង់ធំ ជូនដំណឹងស្តីពីការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយស្លាកផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

0

កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ កាលពីថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានជូនដំណឹងស្ដីពី ការរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយស្លាកផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

សេចក្ដីជូនដំណឹងបញ្ជាក់ថា៖ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់លោក លោកស្រីម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្ឋនៅក្នុង ភូមិសាស្ត្រខេត្តកំពង់ធំ ឱ្យបានជ្រាបថា កន្លងមកស្លាកផ្សព្វផ្សាយគ្រឿងស្រវឹងតាមដង ផ្លូវនិងតាមទីតាំងសាធារណៈនានា បានធ្វើឱ្យបាត់បង់សោភណភាព សណ្តាប់ធ្នាប់ សាធារណៈនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សោភណភាពនៅតាមផ្លូវទីប្រជុំជននានាចូលរួមរក្សាសណ្តាប់ធ្នាប់ក្នុងភូមិសាស្ត្រខេត្ត រដ្ឋបាលខេត្តកំពង់ធំសូមជម្រាបជូនលោក លោកស្រី ម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនចែក ចាយស្រាបៀរនិងគ្រឿងស្រវឹងគ្រប់ប្រភេទដែលបានលើកប៉ាណូ ឬស្លាកផ្សព្វផ្សាយ ពាណិជ្ជកម្មអំពីស្រាបៀរ ឬគ្រឿងស្រវឹងដោយគ្មានច្បាប់អនុញ្ញាតនៅលើចំណីផ្លូវសាធារណៈ ជាពិសេសលើកំណាត់ផ្លូវជាតិលេខ៦ព្រំប្រទល់កំពង់ចាម-កំពង់ធំ ដល់ព្រំប្រទល់កំពង់ធំ-សៀមរាប។ កំណាត់ផ្លូវជាតិលេខ៦២ពីផ្លូវបំបែកដាវដែកកំពង់ស្វាយដល់ព្រំប្រទល់កំពង់ធំ-ព្រះវិហារ និងកំណាត់ផ្លូវ៦០Bពីទីប្រជុំជនកំពង់ថ្ម ដល់ព្រំប្រទល់ស្រុក ចំការលើ ខេត្តកំពង់ចាម។ សូមធ្វើការរុះរើប៉ាណូឬស្លាកផ្សព្វផ្សាយពាណិជ្ជកម្មទាំងនោះចេញ ដោយទុករយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ក្នុងករណីផុតកាលបរិច្ឆេទកំណត់ខាងលើ គ្រប់ម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន ក្រុមហ៊ុន ផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹង ទាំងអស់ពុំធ្វើការរុះរើតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តកំពង់ធំនឹងចាត់វិធានការ រដ្ឋបាលធ្វើការរុះរើដោយមិនទទួលខុសត្រូវលើរាល់ការខូចខាតនោះឡើយ៕