រតនគិរី៖ សហគមន៍តំបន់ការពារធម្មជាតិអូរ៉ៃនៃដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី កំពុងតែខិតខំប្រឹងប្រែងក្នុងកិច្ចការពារព្រៃឈើចំនួន២៦៨០ហិកតាដើម្បីបានជាផលប្រយោជន៍ដល់ប្រជាសហគមន៍ក្នុងការអាស្រ័យផលនៃអនុផលព្រៃឈើ។
កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានឱ្យដឹងថា ក្នុងភូមិដែលមានសមាជិកចំនួន៤ គឺស្រែពកធំ ស្រែពកតូច នាងដី និងភូមិប្រាំ នៃស្រុកកូនមុំ ខេត្តរតនគិរី កំពុងរួមគ្នាការពារព្រៃឈើ ការពារសត្វព្រៃ និងក៏ដូចជាចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុតាមគម្រោងឥណទានកាបូន។
អង្គការជីវិតធម្មជាតិនៅកម្ពុជាបញ្ជាក់បន្ថែមថា សហគមន៍មានផែនការគ្រប់គ្រង និងបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថានរយៈពេល១៥ឆ្នាំ។ ដើម្បីការពារព្រៃឈើរបស់សហគមន៍ឱ្យមានប្រសិទ្ធភាព ជារៀងរាល់ខែគណៈកម្មការសហគមន៍ធ្វើការល្បាត អប់រំផ្សព្វផ្សាយ និងបង្កើនកិច្ចសហការជាមួយឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ ក្រុមដីសម្បទានសេដ្ឋកិច្ច អង្គការអភិរក្ស និងអាជ្ញាធរមូលដ្ឋាន។
សហគមន៍តំបន់ការពារធម្មជាតិអូរ៉ៃស្ថិតក្នុងដែនជម្រកសត្វព្រៃលំផាត់ ភូមិសាស្ត្រស្រុកកូនមុំ ខេត្តរតនគិរី មានផ្ទៃទំហំផ្ទៃដី ២៦៨០ហិកតា មានការចូលរួមពីពលរដ្ឋ៤ភូមិ មានចំនួនជិត១ពាន់នាក់ ហើយបច្ចុប្បន្ននេះបងប្អូនសហគមន៍អាចរកអនុផលព្រៃឈើមួយចំនួនរួមមានផ្សិតប៉ក់ ផ្សិតក្ងោក បន្លែបង្ការ ទំពាំង ទឹកឃ្មុំ។ ការបង្កើតសេដ្ឋកិច្ចមូលដ្ឋានគឺជាមូលដ្ឋានរឹងមាំសម្រាប់ការងារអភិរក្សធនធានធម្មជាតិ បន្ថែមពីលើវិធានការច្បាប់។
គួរបញ្ជាក់ថាក្រសួងបរិស្ថាននាកន្លងមកបានបង្ហាញឱ្យដឹងថា ចំនួនជាង៦០ភាគរយ នៃគ្រួសារជនបទនៅទូទាំងប្រទេសកម្ពុជាពឹងអាស្រ័យលើអនុផលព្រៃឈើឬធនធានព្រៃឈើសម្រាប់សកម្មភាពជីវភាពរស់នៅរបស់ពួកគេ៕