ភ្នំពេញ៖ ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៤ មានករណីពុលផ្សិតចំនួន ១៧នាក់ (ស្រី៤នាក់) ដោយមានរោគសញ្ញា ចុកពោះ រាក ក្អួត នៅភូមិឡុំ ឃុំប៉ក់ញែ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បន្ទាប់ពីបរិភោគផ្សិត។ អ្នកទាំងនោះ ត្រូវបាននិងកំពុងទទួលការព្យាបាល យ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ។
ក្នុងចំណោមផ្សិតរាប់ពាន់ប្រភេទ មានផ្សិតប្រហែល ១០០ប្រភេទ ដែលភាគច្រើនបណ្តាលឱ្យពុល នៅពេល បរិភោគ។
ចំពោះរោគសញ្ញានៃការពុលផ្សិត អាចកើតក្រោយពីបរិភោគរយៈពេល ២ម៉ោង ទៅ ៦ម៉ោង ឬ ច្រើនថ្ងៃ ដែលមានដូចជា ចុកពោះ រាក ក្អួត បែកញើស រីកប្រស្រីភ្នែក ដង្ហើមញាប់ ឬពិបាកដកដង្ហើមឡោះឡះរហូតដល់ អាចស្លាប់ក្នុងរយៈពេលណាមួយ ទៅតាមប្រភេទផ្សិតពុលដែលមានកម្រិតជាតិពុលខុសៗគ្នា។ ជាតិពុលខ្លះ ប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ តម្រងនោម ឬថ្លើម ជួនកាលច្រើនថ្ងៃ ឬច្រើនសប្តាហ៍បន្ទាប់ពីបរិភោគ។
ជាមួយគ្នានោះ អ្នកពុលត្រូវប្រញាប់ស្វែងរកការជួយសង្គ្រោះបន្ទាន់នៅតាមមូលដ្ឋានសុខាភិបាលដែលនៅជិតលោកអ្នក បំផុត ដោយស្ថានភាពអ្នកពុលតម្រូវឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមដានពីគ្រូពេទ្យជាចាំបាច់។
តាមសេចក្តីជូនដំណឹង នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រសួងសុខាភិបាល បានអំពាវនាវ ដល់ប្រជាពលរដ្ឋ អនុវត្តនូវវិធានការ ដូចខាងក្រោម ដើម្បីចៀសវាងបាននូវការពុលផ្សិត ដែលអាចធ្វើឱ្យគ្រោះថ្នាក់រហូតបាត់បង់ជីវិត៖
១. មុននឹងយកផ្សិតមកចំអិនជាម្ហូបអាហារបរិភោគ ត្រូវស្គាល់ប្រាកដថា ផ្សិតនោះមិនពុល ឬសូម ស្វែងរក សាកសួរចាស់ទុំ ដែលស្គាល់ច្បាស់ថា ផ្សិតនោះធ្លាប់បរិភោគដោយសុវត្ថិភាព។
២.ចម្អិនផ្សិត ដែលមិនពុលឱ្យបានត្រឹមត្រូវ និងឆ្អិនល្អ មុនបរិភោគ។
និង៣. ប្រកាន់អនាម័យ លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត មុនចាប់កាន់អាហារ និងទទួល ទានចំណីអាហារដែលមានអនាម័យ និងសុវត្ថិភាពល្អ៕