សម្ដេចធិបតី៖ ទោះបីប្រឈមនឹងការលំបាក ឬត្រូវប្រើពេលវេលាច្រើនយ៉ាងណាក៏ដោយក៏បេសកកម្មរុករកត្រូវតែបន្តទៅមុខ រហូតដល់យើងអាចរកឃើញអាកាសយានិករបស់យើងទាំងពីររូប

0

ភ្នំពេញ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​តាម​បណ្ដាញ​សង្គម​ថា អស់​រយៈពេល ១២ ថ្ងៃ មក​ហើយ ដែល​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង របស់​កងទ័ព​ជើង​អាកាស នៃ​កង​យោធពលខេមរភូមិន្ទ ហោះហើរ​ដោយ​អាកាសយានិក​ចំនួន ២ រូប បាន​បាត់​ការ​ទាក់ទង​ជាមួយ​ទីបញ្ជាការ​ទ័ពអាកាស​។

ចាប់ពី​ពេល​នោះ​មក​ទល់​ពេល​នេះ គឺ​មិន​មាន​មួយ​វិនាទី​ណា​ដែល​អាកាសយានិក​ទាំង​ពីរ​រូប ត្រូវ​បាន​បំភ្លេច​នោះ​ទ្បើ​យ​។ ការ​ស្វែងរក​ឧទ្ធម្ភាគចក្រ​នោះ បាន​ចាប់ផ្តើម​ភ្លាម​ៗ​បន្ទាប់​ពី​បាត់​ការ​ទាក់ទង ដោយ​មានការ​ចូលរួម​ពី​សំណាក់​កង​យោធពលខេមរភូមិន្ទ និង​អាជ្ញាធរ​ដែនដី​នៅ​ហ្នឹង​កន្លែង ហើយ​មក​ដល់​ម៉ោង​នេះ កងកម្លាំង​រុករក​របស់​យើង​បាន​បន្ត​បេសកកម្ម​របស់​ខ្លួន​ទាំង​យប់​ទាំង​ថ្ងៃ មិន​ថា​មេឃ​រាំង ឬ​ភ្លៀង និង​មិន​ថា​ក្នុង​ព្រៃ​ជ្រៅ ឬ​ឆ្លងកាត់​ជ្រោះ​ជ្រលង​ទឹក​ហូរ​នោះ​ទេ ក៏​ការ​ស្វែងរក​អាកាសយានិក​ទាំង​ពីរ​រូប​នៅ​តែ​បន្ត​ជា​និច្ច ។

សម្ដេច​ធិ​បតី សូម​យក​ឱកាស​នេះ ធ្វើការ​កោតសរសើរ​ចំពោះ​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​, ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទេស​រដ្ឋមន្ត្រី​អនុប្រធាន​ទី​១ នៃ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​, ឯកឧត្តម អគ្គមេបញ្ជាការ នៃ​កង​យោធពលខេមរភូមិន្ទ​, ឯកឧត្តម អគ្គមេបញ្ជាការ​រង នាយសេនាធិការ​ចម្រុះ​, ឯកឧត្តម អភិបាល នៃ​គណ​:​អភិបាលខេត្ត​ពោធិ៍សាត់​, ថ្នាក់ដឹកនាំ​គ្រប់​បណ្តា​អង្គភាព​ពាក់ព័ន្ធ ក៏​ដូច​ជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​បងប្អូន​ក្រុម​រុករក​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​បេសកកម្ម​នេះ​ដ៏​សំខាន់​មួយ​នេះ​។

សម្ដេច​ធិ​បតី សូម​អរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ទិស​ទី ដែល​បាន​បង្ហាញ​នូវ​សមានចិត្ត​ព្រួយបារម្ភ និង​ការ​លើកទឹកចិត្ត​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​រុករក ដើម្បី​ស្វែងរក​អាកាសយានិក​របស់​យើង​ក្នុងភូមិ​សាស្ត្រ និង​អាកាសធាតុ​ដ៏​លំបាក​នេះ​។

សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​សង្កត់ធ្ងន់​ថា​«​ទោះបី​ប្រឈម​នឹង​ការ​លំបាក ឬ​ត្រូវ​ប្រើ​ពេលវេលា​ច្រើន​យ៉ាងណា​ក៏​ដោយ ក៏​បេសកកម្ម​រុករក​នេះ​ត្រូវ​តែ​បន្ត​ទៅ​មុខ រហូត​ដល់​យើង​អាច​រក​ឃើញ​អាកាសយានិក​របស់​យើង​ទាំង​ពីរ​រូប​»​។

ទន្ទឹម​នេះ សម្ដេច​ធិ​បតី សូម​ជូនពរ​ដល់​ក្រុម​ប្រតិបត្តិការ​រុករក​ទាំងអស់ សូម​សមប្រកប​តែ​នឹង​សេចក្តីសុខ សុវត្ថិភាព​ក្នុង​ការ​បំពេញបេសកកម្ម​ដ៏​សំខាន់​មួយ​នេះ ហើយ​សង្ឃឹម​យ៉ាង​មុខមាំ​ថា យើង​នឹង​អាច​រក​ឃើញ​បងប្អូន​អាកាសយានិក​ទាំង​ពីរ​រូប​ក្នុង​ពេល​ឆាប់​ៗ​នេះ​៕