សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចឱ្យនិរាករណ៍លុបចោលគោលការណ៍ដែលកំណត់ថា ភ្ញៀវទេសចរបរទេសដែលមកទស្សនាហើយតម្រូវឱ្យសម្រាកមួយយប់ចោលដើម្បីបំបាត់ភាពស្មុគស្មាញដល់ភ្ញៀវទេសចរដែលចង់មកទស្សនានៅក្នុងប្រទេសកម្ពុជា ហើយត្រូវបំពេញបែបបទផ្សេងៗ។ ការប្រកាសសម្រេចនិរាករណ៍របស់សម្តេចធិបតីនាយករដ្ឋមន្ដ្រីបែបនេះ ក្នុងពិធីបញ្ចុះបឋមសិលាសាង សង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៤ នៅបរិវេណវត្ដព្រះរាជបូណ៌ ស្ថិតក្នុងក្រុងសៀមរាប ខេត្ដសៀមរាប។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំឱ្យលុបគោលការណ៍មួយចំនួនដែលមានតាំងពីឆ្នាំ១៩៩៨ ដែលអនុក្រឹត្យមួយបានចែងថាភ្ញៀវទេសចរដែលមកទស្សនាត្រូវតែសម្រាកយ៉ាងហោចមួយយប់។ អីចឹងទេត្រូវបំពេញទម្រង់បែបបទច្របូកច្របល់ ស្មុគស្មាញ អីចឹងភ្ញៀវមួយចំនួនគាត់អត់មក គាត់ពិបាក ហើយពេលខ្លះមានរឿងទៀត»។ សម្តេចធិបតីបានលើកឡើងថា ការសម្រេចឱ្យលុបនេះដោយសារអនុក្រឹត្យនេះមានរយៈពេលជិត៣០ឆ្នាំហើយ មិនត្រូវតាមស្ថានភាពនៅកម្ពុជាទៀតទេ ហើយភ្ញៀវទេសចរគេចង់មកមួយល្ងាច ឬមកហូបគុយទាវមួយចានហើយទៅវិញក៏បាន។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ «អ្នកខ្លះគេមកពីអឺរ៉ុប ហើយចង់ចូលកម្ពុជាមួយភ្លែតហើយ ទៅវិញ។ អីចឹងខ្ញុំសម្រេចឱ្យធ្វើនិរាករណ៍អនុក្រឹត្យនេះចោល។ ការលុបនិរាករណ៍ចោលនេះ ព្រោះថាមិនសំខាន់នោះទេ ព្រោះថាយើងមិនត្រូវរើស ឬប្រកាន់ភ្ញៀវទេសចរនោះទេ។ ផ្ទុយទៅវិញយើងបានកំពុងតែធ្វើឱ្យមានការហោះហើរមកត្រង់ពីបណ្តាប្រទេសនានាមកកម្ពុជា តែម្តង ដូចជាពីប្រទេសឥណ្ឌា ម៉ាឡេស៊ី កូរ៉េ ថៃ …»។ ជាមួយគ្នានោះដែរសម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា ពេលនេះកម្ពុជាយើង បានបើកជើងមេឃហើយ ក្នុងនោះរាជរដ្ឋាភិបាលបានកំពុងតែគិតពីការចំណាយរបស់យន្តហោះពេលចុះចត ទោះបីជារដ្ឋត្រូវចំណាយខាតខ្លះក្តី។ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានអះអាងថា៖ «ពេលនេះយើងកំពុងតែពិនិត្យក្នុងការដាក់ដំណើរការឱ្យមានរថភ្លើងល្បឿនលឿន និងការពង្រីកផ្លូវ។ ប៉ុន្តែវា មានការយឺតបន្តិច តែអ្វីនៅចំពោះមុខថាយើងត្រូវធ្វើអ្វី ដើម្បីស្របតាមស្ថានភាព»។ សម្តេចធិបតីក៏បានបន្ថែមថារាជរដ្ឋាភិបាលបានដាក់ទិសដៅច្បាស់ថានៅក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ត្រូវធ្វើយ៉ាងណាស្វែងរកទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើន ដែលទិសដៅចម្បងគឺខេត្តសៀមរាបដែលជាខេត្តអាចទាញមកស្រុកខ្មែរទាំងមូល។
ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖ «យើងដាក់ទិសដៅជាក់ស្តែងតែម្តង ការធ្វើបានតិច ឬច្រើនជារឿងមួយ ព្រោះយើងទទួលស្គាល់ថាអ្វីដែលមាន និងមិនទាន់មាន ហើយបងប្អូនដែលវាយប្រហារថារឿងសេដ្ឋកិច្ច ឬរឿងអ្វីជារឿងរបស់គាត់ តែយើងត្រូវធ្វើដើម្បីទាញសក្កានុពលបន្ថែមទៀត»៕