សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកអាជ្ញាប័ណ្ណ និងដាក់ក្នុងបញ្ជីខ្មៅ ចំពោះអ្នកព័ត៌មានណាដែលផ្សាយមិនពិត តាមគៀបគេស៊ី និងបំពុលសង្គម

0

សៀមរាប៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ស្នើ​ឱ្យ​ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ដក​អាជ្ញាប័ណ្ណ និង​ដាក់​ក្នុង​បញ្ជីខ្មៅ ចំពោះ​អ្នក​ព័ត៌មាន​ណា​ដែល​ផ្សាយ​ព័ត៌មាន​មិន​ពិត តាម​គៀប​គេ​ស៊ី និង​បំពុលសង្គម​ដើម្បី​កុំ​ធ្វើ​ឱ្យ​អ្នក​ព័ត៌មាន​បួនដប់​នាក់​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ព័ត៌មាន​វិជ្ជាជីវៈ ។

ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​សារមន្ទីរ សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម ក្នុង​បរិវេណ​វត្ត​រាជ​បូ​ណ៌ ស្ថិត​នៅ​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៤​នេះ សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ដ្រី បាន​ជំរុញ​ឱ្យ​ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ត្រូវ​ពិនិត្យ​មើល​បញ្ហា​ដោយ​កុំឱ្យ​អ្នក​សារព័ត៌មាន​មួយ​ចំនួន​តូច ដែល​កំពុង​ប្រព្រឹត្តិ​ខុស​វិជ្ជាជីវៈ និង​ក្រ​មសិល​ធម៌ ដើម្បី​បង្កើត​ជា​មុខរបរ និង​តាម​គៀប​គេ​ស៊ី មក​បំ​ផ្លា​យ​ដល់​អ្នក​សារព័ត៌មាន​ដែល​គេ​កំពុង​គោរព​វិជ្ជាជីវៈ​យ៉ាង​ត្រឹមត្រូវ​។

សម្ដេច​ធិ​បតី​បាន​បញ្ជាក់​ថា «​ប្រសិនបើ​រក​ឃើញ​មាន​អ្នក​សារព័ត៌មាន​ទាំង​អស់នេះ ត្រូវ​លុប​អាជ្ញា​បណ្ណ​ចោល ដើម្បី​កុំឱ្យ​មាន​បន្ដ​ធ្វើ​សកម្មភាព​ទាំងនេះ​ឱ្យ​ខាង​តែ​បាន ។​ប៉ុន្ដែ​អ្នក​សារព័ត៌មាន​ខ្លះ​ដោយសារ​តែ​ផ្សាយ​លឿន ទើប​ផ្សាយ​ខុស ហើយ​គាត់​ផ្សាយ​កែតម្រូវ នោះ​មិនមែន​ជា​បញ្ហា​នោះ​ទេ ព្រោះ​គាត់​ពុំ​មាន​ចេតនា តែ​សារព័ត៌មាន​មួយ​ចំនួន​មាន​ចេតនា​ផ្សាយ​ខុស ផ្សាយ​បំភ្លៃ និង​មាន​ចេតនា​បង្កើត​បញ្ហា និង​បំផ្លាញ​សង្គម នឹង​ប្រឈម​មុខ​នឹង​ផ្លូវច្បាប់​តែ​ម្ដង​»​។

ក្នុង​ន័យ​នេះ រាជរដ្ឋាភិបាល​កំពុង​តែ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ ដែល​កំពុង​បង្កើត​បញ្ហា និង​វាយលុក​យ៉ាង​ខ្លាំង បង្ករ​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធរ​ដល់​ប្រជាពលរដ្ឋ និង​សង្គម​ជាតិ​។

ជាមួយ​គ្នា​នេះ មាន​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​អ៊ឺ​រ៉ុ​ប កា​ណា​ដា អាម៉េរិក ក៏​កំពុង​គិត​អំពី​បញ្ហា​ព័ត៌មាន​ក្លែងក្លាយ​នេះ​ផង​ដែរ​។

សម្ដេច​ធិ​បតី​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​គ្មាន​ការ​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​នោះ​ទេ ប៉ុន្ដែ​ត្រូវ​គោរព​សិទ្ធិ​អ្នក​ដ៏​ទៃ ដើម្បី​ទទួល​បាន​ព័ត៌មាន​ពិត ដោយ​មិន​ធ្វើ​ដើម្បី​ចំណេញ​នយោបាយ និង​ធ្វើ​ឱ្យ​សង្គម​មាន​បញ្ហា​។

សម្ដេច​ធិ​បតី​ប្រកាស​ស្វាគមន៍​ព័ត៌មាន​ពិត ដើម្បី​ជួយ​ស្ថាបនា និង​ចូលរួម​អភិវឌ្ឍន៍​សង្គម​ជាតិ​។

ក្នុង​ឱកាស​នោះ សម្ដេច​ធិ​បតី អំពាវនាវ​ឱ្យ​អ្នក​ព័ត៌មាន​ទាំង​ប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​លើកកម្ពស់​សិទ្ធិ​សេរីភាព​របស់​អ្នក​សារព័ត៌មាន​ឱ្យ​បាន​ខ្លាំងក្លា​បន្ថែម​ទៀត​។ ម្យ៉ា​វិញទៀត ដើម្បី​លុប​បំបាត់​ព័ត៌មាន​ក្លែងក្លាយ និង​ផ្ដល់​ព័ត៌មាន​ពិត​ដល់​សាធារណជន​ឱ្យ​មានការ​យល់​ដឹង និង​ច្បាស់លាស់​។

សូម​បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ ឬ Fake News បាន​ក្លាយជា​ប្រធានបទ​ក្តៅ​គគុក​មួយ និង មានការ​ជជែក​ដេញ ដោល​ច្រើន នៅ​ក្នុង​ចំណោម អ្នកជំនាញ សារព័ត៌មាន ក៏​ដូច​ជា ពលរដ្ឋ​ទូទៅ​ក្នុង​ពិភពលោក​។ សម្រាប់​កម្ពុជា​ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ហើយ​ព័ត៌មាន ក្លែងក្លាយ ត្រូវ​បាន​ប្រើ​ជា​មធ្យោបាយ​មួយ ដើម្បី​ជះ​ឥទ្ធិពល​ទៅ​លើ​ផ្នត់គំនិត និង​ការ​សម្រេចចិត្ត​របស់​ពលរដ្ឋ​ដែល​មានការ​ចាប់អារម្មណ៍​ពី​ផ្នែក​នយោបាយ រហូត​ដល់ ការ​ទិញ​លក់ ផលិតផល តូចតាច​តាម បណ្តាញ​សង្គម ឬ​អ៊ីនធឺណិត​ជាដើម​៕