គម្រោងសាងសង់ផ្លូវជាតិលេខ៧១C សម្រេចលទ្ធផល១០០%ហើយ

0

ភ្នំពេញ​៖ ខ្សែ​ផ្លូវ​ដែល​ពោរពេញ​ដោយ​ទេសភាព​ខៀវស្រងាត់​ត្រជាក់​ភ្នែក និង​មាន​សភាព​ធន់ រឹង​មាំ និង​ជា​ខ្សែ​ផ្លូវ​ដែល​មាន​ចរាចរណ៍​ដ៏​រលូន​នេះ គឺជា​ផ្លូវជាតិ​លេខ​៧១C ប្រវែង ១១៤,៦២​គីឡូម៉ែត្រ​(​ចាប់ពី​ផ្លូវជាតិ​លេខ​៧ ចំណុច PK150+700 ក្នុង​ខេត្ត​ត្បូងឃ្មុំ ទៅ​ដល់​ផ្លូវជាតិ​លេខ​៧១ ចំណុច PK30+400 ខេត្តកំពង់ចាម​) សម្រេច​បាន​លទ្ធផល​១០០%​ហើយ​។

ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន តែង​បាន​គិតគូរ​ខ្ពស់ និង​បាន​ចង្អុលបង្ហាញ​ឱ្យ​ឯកឧត្តម បុ​ង ប៊ុ​ន​ហួ​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជានា​យក​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៧១C ប្រឹងប្រែង​ធ្វើ​ឱ្យ​កាន់​ប្រសើរ​ឡើង និង​បំពេញ​ចន្លោះ​ខ្វះខាត​ដែល​នៅ​សេសសល់​តិចតួច ដើម្បី​ឈាន​ទៅ​ដល់​ការ​សម្រេច​លទ្ធផល​ជា​រួម និង​ត្រៀម​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នា​ពេល​បន្តបន្ទាប់​។

ផ្លូវជាតិ​លេខ​71C ត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន​សាងសង់​សៀង​ហៃ​គ្រុប​( SCG) និង​ទីប្រឹក្សាបច្ចេកទេស​ដោយ​ក្រុមហ៊ុន ក្វា​ង​ចូ​វ វ៉ាង​អាន ប្រើប្រាស់​ហិរញ្ញប្បទាន​ថវិកា​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

ផ្លូវជាតិ​ដ៏​សំខាន់​នេះ ជា​ប្រភេទ AC/DBST ចុះ​កិច្ចសន្យា​សាងសង់ នៅ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២០, ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០២១ និង​កាលបរិច្ឆេទ​បញ្ចប់​ការ​សាងសង់ ត្រឹម​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២៤ ដែល​មាន​រយៈពេល​សាងសង់​៤២​ខែ និង​រយៈពេល​ថែទាំ​(​ក្នុង​កិច្ចសន្យា​) ២៤​ខែ​។

គួរ​បញ្ជាក់​ថា ក្រុមការងារ​បាន​បន្ត​ប្រឹងប្រែង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​ដំណើរ​បញ្ចប់​ការ​គូស​សំ​នូ​ស​ចរាចរណ៍​លើ​ដងផ្លូវ​, ការងារ​បំពាក់​ផ្លា​ក​សញ្ញា​ចរាចរណ៍​,​ការងារ​ដាំ​បង្គោលគីឡូម៉ែត្រ និង​កិច្ចការ​ដាំ​ស្មៅ​ការពារ​ការ​ហូរ​ច្រោះ​ជើងទេរ​ផ្លូវ​៕