បន្ទាយមានជ័យ៖ ជនសង្ស័យ៣នាក់ត្រូវបាននគរបាលក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ យកមកសួរនាំ ក្រោយពីមានជនជាតិឥណ្ឌូនេស៊ី២នាក់ បានប្តឹងថា ពួកគេ(ជនសង្ស័យ) ទាំងនេះបានធ្វើសកម្មភាព ឆក់កាបូបលុយរបស់ខ្លួន ពេលដែលពួកគេជាមួយមិត្តប្រុសបានជិះម៉ូតូធ្វើដណើរតាមផ្លូវដើមពុទ្ទ្រា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២៤ កន្លងទៅ។
ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ លោកឧត្តសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជាដល់ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ និងកម្្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរជ្រៅ ចុះស្រាវជ្រាវនៅថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២៤ បានឃាត់ខ្លួនជនសង្ស័យ(ក្មេងទំនើង)ចំនួន៣នាក់យកមកសួរនាំ រួមមាន៖ ១-ឈ្មោះ ថូយ សក្កដា ហៅកាក់ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២. ឈ្មោះសំអាត សុបញ្ញា ហៅហួរ ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅមិនពិតប្រាកដ។ ៣ .ឈ្មោះធូ ឧត្តមប្រឹក្សា ហៅសា ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមបណ្តឹងជនរងគ្រោះបានឲ្យដឹងថា កាលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២១ នឹង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅបានទទួលពាក្យបណ្តឹងពីពលរដ្ឋឈ្មោះ FEBBY BERLIAN ភេទស្រី អាយុ២២ឆ្នាំ ជនជាតិឥណ្ឌូណេស៊ី មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បានរៀបរាប់ថា: មានជនមិនស្គាល់អត្តសញ្ញាណ១ក្រុមបានឆក់កាបូបស្ពាយរបស់ខ្ញុំពេលកំពុងជិះម៉ូតូធ្វើដំណើរជាមួយមិត្តប្រុសរបស់នាង ក្នុងនោះមានទូរស័ព្ទ១គ្រឿងម៉ាក IPHONE 12MIN កាបូបលុយតូចក្នុងនោះមានលុយចំនួន1380បាត អត្តសញ្ញាណប័ណ្ណសញ្ជាតិឥណ្ឌូណេស៊ី១ កាតធានាគារ៣ ។
បច្ចុប្បន្នជនសង្ស័យ(ក្មេងទំនើង)ទាំង៣នាក់ ស្ថិតក្នុងការសួរនាំរបស់កម្លាំងការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕