បេក្ខជនចំនួន ៤,២៥២នាក់ មកដល់មណ្ឌលប្រឡងដើម្បីចូលរួមប្រឡង​ប្រជែងគ្រូបង្រៀននៅបរិវេញសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

0

ភ្នំពេញ​៖ ទិដ្ឋភាព​ទូទៅ​នៅ​ក្នុង​មណ្ឌល​ប្រឡងប្រជែង​ជ្រើសរើស​គ្រូបង្រៀន​នៅ​បឋម​សិក្សា ដែល​ស្ថិត​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នា​រសៀល​ថ្ងៃអាទិត្យ ទី​១៤ ខែកក្កដា ឆ្នាំ​២០២៤​។ បេក្ខជន​ចំនួន ៤,២៥២​នាក់ បាន​និង​កំពុង​មក​ដល់​មណ្ឌល​ប្រឡង​សាកលវិទ្យាល័យ​ភ្នំពេញ ដើម្បី​ចូលរួម​ប្រឡងប្រជែង​គ្រូបង្រៀន​នៅ​បឋម​សិក្សា វេន​ទី​៣ ដែល​នឹង​ចាប់ផ្តើម​នៅ​ម៉ោង ១២:០០​នាទី​។

សម្រាប់​វេន​នេះ មាន​បេក្ខជន​ពី​បណ្តា​រាជធានី​-​ខេត្ត​ចំនួន​៦ រួម​មាន​៖ ខេត្តកោះកុង ខេត្តព្រះវិហារ រាជធានី​ភ្នំពេញ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និង​ខេត្តស្ទឹងត្រែង ព្រមទាំង​មាន​វត្តមាន​សាច់ញាតិ បងប្អូន អាណាព្យាបាល ក្នុង​បំណង​លើកទឹកចិត្ត និង​រង់ចាំ​គាំទ្រ​បេក្ខជន​។

ទន្ទឹម​នេះ នៅ​មណ្ឌល​ប្រឡង​មានការ​ជួយ​សម្របសម្រួល ការ​ពិនិត្យ​រក​សំណៅ​ឯកសារ និង​ផ្តល់​ព័ត៌មាន ដោយ​យុវជន​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​.) និង​ក្រុមការងារ​នៃ​អនុ​គណៈកម្មការ​ជំនាញ​។