ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា ត្រូវបានផ្លាស់ប្តូរទៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤

0

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារឆ្ពោះទៅកាន់ការប្រឡងប្រជែង នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល គណៈកម្មការបានសម្រេចលើការរៀបចំជាច្រើន ដើម្បីរៀបចំការប្រឡងប្រជែង ស្របតាមនិយាមដែលបានដាក់ចេញ ហើយស្របតាមគោលការណ៍ដែលធានាដល់គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។

ដោយមានភាពចាំបាច់ គណៈកម្មការអន្តរក្រសួងបានសម្រេចលើកពេលប្រឡងចំនួន១ ថ្ងៃ ពោលគឺត្រូវលើកពេលថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៤ សម្រាប់វេនទី១ និងវេនទី២ ទៅប្រឡងនាថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ វិញ។ មុននឹងឈានចូលទៅដល់ការសម្រេចចិត្តផ្លាស់ប្តូរពេលវេលារយៈពេល ១ថ្ងៃនេះ គណៈកម្មការរៀបចំការប្រឡងប្រជែង បានគិតគូរពិចារណា ថ្លឹងថ្លែងយ៉ាងល្អិតល្អន់ គ្រប់ទិដ្ឋភាពទាំងអស់ ទាំងការរៀបចំ ទាំងស្ថានភាពបេក្ខជនដែលចូលរួមប្រឡងប្រជែង។

ក្នុងន័យនេះ គណៈកម្មការធ្វើការអធ្យាស្រ័យដល់បេក្ខជន ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ សម្រាប់ភាពចាំបាច់នូវក្នុងការលើកពេលវេលានេះ៕