សៀមរាប៖ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ឯកឧត្តមកាលពីល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ថា ដើមឈើធំៗល្មមស្រស់ស្អាតជាអត្តសញ្ញាណជាតិ ជាប្រភេទឈើរបស់កម្ពុជាចំនួន២៦០០០ដើមកំពុងដាក់ដាំក្នុងក្រុងសៀមរាប សូមពុកម៉ែបងប្អូនចូលរួមជួយថែរក្សា មេត្តាជួយស្រោចទឹកព្រឹកល្ងាច ដើម្បីជាម្លប់ដល់ភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសលើកសម្រស់ក្រុងយើងនិងបង្កើតម្លប់ដល់ពុកម៉ែបងប្អូនទាំងអស់គ្នា។ សូមចូលរួមបំពេញក្តីស្រមៃបៃតងនៃខេត្តសៀមរាបយើង។
សម្រាប់សកម្មភាពជាក់ស្តែង នៅតាមបណ្តាសង្កាត់នានា ក្នុងក្រុងសៀមរាប ក៏កំពុងដាំកូនឈើនៅតាមដងផ្លូវសំខាន់ៗក្នុងមូលដ្ឋានរបស់ខ្លួន។ អាជ្ញាធរក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសមុខផ្ទះដែលបានដាំកូនឈើនេះ សូមជួយថែរក្សាថែទាំកូនឈើដែលដាំឱ្យបានល្អ ដើម្បីបង្កើនសោភ័ណភាព ប្រែក្លាយជាក្រុងបៃតង និងជាការចូលរួមកាត់បន្ថយការកើនឡើងនៃកម្ដៅក្នុងទីក្រុងផងដែរ រួមគ្នាស្រឡាញ់ថែរក្សាការពារដើមឈើ និងចូលរួមដាំដុះកូនឈើ។
ឯកឧត្តមអភិបាល បានគូសបញ្ជាក់បន្ថែមទៀតថា កុំចោលកាកសំណល់សំរាម ឬថង់ប្លាស្ទិកពាសវាលពាសកាល សំដៅថែរក្សាការពារបរិស្ថានធម្មជាតិឱ្យបានគង់វង្សនៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ដល់ការរស់នៅរបស់យើង សហគមន៍យើង ព្រមទាំងរក្សាបានប្រព័ន្ធជីវៈចម្រុះជាច្រើនផងដែរ ព្រោះថាដើមឈើជួយគាំពារផ្នែកបរិស្ថាន ការការពារទីជម្រាលទប់ស្កាត់ការហូរច្រោះដី និងធ្វើឱ្យប្រសើរឡើងនៃគុណភាពដី និងផ្ដល់នូវផលប្រយោជន៍ច្រើនយ៉ាងណាស់ក្នុងជីវភាពប្រចាំថ្ងៃ របស់យើង។ នៅពេលដើមឈើទាំងនេះធំៗ និងផ្ការីកស្គុះស្គាយ ទីក្រុងនឹងកាន់តែមានភាពស្រស់បំព្រង៕