ហាងឆេងមាសត្រូវបាននិទស្សន៍ថានឹងបន្តហក់ឡើងថ្លៃទៀតទៅថ្ងៃអនាគត

0

ភ្នំពេញ៖ ហាងឆេង​មាស​នា​ពេល​បច្ចុប្បន្ន​មាន​តម្លៃ​២,៣៦៥ ដុល្លា​អា​មេ​រិ​ក​ក្នុង​មួយ​អោន​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ ឬ​ស្មើរ​និង ២,៨៥៣ ដុល្លា​ក្នុង​មួយ​តម្លឹង​សម្រាប់​ទីផ្សារ​ជួញដូរ​ក្នុង​ប្រទេស​កម្ពុជា​។ នេះ​ជា​តម្លៃ​ដែល​បាន​ហក់​ឡើង បើ​ធៀប​នឹង​តម្លៃ​កាល​ដើមឆ្នាំ​នេះ​។

ប៉ុន្តែ​លោក ឡុ​ង សំណាង ជា​ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ នៃ​ក្រុមហ៊ុន PP Link securities បាន​ប្រាប់​ក្រុមការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​ប្រព័ន្ធ​អិន​ធើ​ណេ​ត​ក្រសួង​ព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី ១១ ក​ក្ត​ដា​នេះ​ថា តម្លៃ​មាស​នឹង​បន្ត​ហក់​ឡើងថ្លៃ​នា​ពេល​អនាគត​ដោយសារ​កត្តានយោបាយ​នៅ​លើ​សកលលោក​។

ទន្ទឹម​នេះ​ទៀត​លោក ឡុ​ង សំណាង​បាន​រំលឹក​ឡើង​វិញ​ថា តម្លៃ​មាស​ធ្លាប់​មាន​ប្រវត្តិ​ខ្ពស់​ជាង​នេះ​ទៀត ពោល តម្លៃ​ហាងឆេង​មាស ធ្លាប់​ឡើង​ដល់ ២,៤៤៩ ដុល្លា​ក្នុង​មួយ​អោន នៅ​លើ​ទីផ្សារ​អន្តរជាតិ ឬ ស្មើរ​និង ២,៩៥០​ដុល្លា​ក្នុង មួយ​តម្លឹង​នៅ​ប្រទេស​កម្ពុជា ខណៈនោះ​ប្រទេស​ជិតខាង​បាន​លក់​ចេញ​បាន​រហូត​ដល់ ៣,០០០​ដុល្លា កាលពី​ខែ មិថុនា ឆ្នាំ ២០២៤ ថ្មី​ៗ​កន្លង​ទៅ​នេះ ។

ជាមួយ​គ្នា​នោះ លោក ឡុ​ង សំណាង បាន​បន្ត​ថា​មាន​កត្តា​ជា​ច្រើន​ដែល​បណ្តាល​អោយ​តម្លៃ​មាស​មានការ​ប្រែប្រួល​ក្នុង​នោះ​មាន​កត្តា​ភូមិសាស្ត្រ​នយោបាយ ដែល​ពាក់​ព​ន្ធ័​ជាមួយនឹង សង្គ្រាម​រវាង រុ​ស្ស៊ី និង អ៊ុយ​ក្រែ​ន ដែល​រាំ​រៃ​អស់​រយៈពេល​ជា​យូរ ក៏​ដូច​ជា​សង្គ្រាម រវាង​ប៉ា​ឡេ​ស្ទិ​ន​និង អ៉ី​ស្រា​អែ​ល ហើយ​ក៏​នៅ​មាន​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​កំពុង​តែ​មាន​ភាព​តានតឹង​លើ​ភូមិសាស្ត្រ​នយោបាយ ។

ម្យ៉ាងវិញទៀត លោក​ក៏​បាន​បង្ហាញ​អោយ​ឃើញ​ថា​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​ដែល​ធ្វើ​អោយ​តម្លៃ​មាស​ហក់​ឡើង​គឺ ការ​ជះ​ឥ​ទ្ធ​ពល​ពី​កត្តា​កំណត់​អត្រា​ការ​ប្រាក់ លុយ​ដុល្លា​សហរដ្ឋអាមេរិក​។ លោក​បញ្ជាក់​ថា​បច្ចុប្បន្ន​ការ​ប្រាក់​លុយ​ដុល្លា​សហរដ្ឋអាមេរិក​មាន​អត្រា ៥.៥ ភាគរយ គឺជា​អត្រា​ការ​ប្រាក់​មួយ​ដ៏​ខ្ពស់ ។

បើ​ទោះបីជា​គេ​រំពឹង​ថា អត្រា​ការ​ប្រាក់​នេះ​នឹង​មានការ​ធ្លាក់​ចុះ​ក្នុងឆ្នាំនេះ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ធនាគារកណ្តាល សហរដ្ឋអាមេរិក នៅ​មិន​ទាន់​មានការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​នេះ​នៅឡើយ​ទេ ដោយសា​តែ​អត្រា អតិផរណា​របស់​ធនាគា​កណ្តាល​មួយ​នេះ​មិន​ទាន់​ធ្លាក់​ចុះ​ដល់​ការ​រំពឹង​ទុក​ជាង​២​ភាគរយ​នៅឡើយ ។

យ៉ាងណា​ក៏​ដោយ លោក​បាន​បន្ត​ថា នៅ​ខែកញ្ញា ឆ្នាំ​២០២៤ ខាង​មុខ​នេះ​ធនាគារកណ្តាល​បាន​បង្ហាញ​ការ​តាំងចិត្ត​ថា នឹង​ធ្វើការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ ពី ៥,៥០ ភាគរយ​មក​នៅ​ត្រឹម ៥,២៥ ឬ ៥,០០ ភាគរយ​តែ​ម្តង ។

លោក​ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ នៃ​ក្រុមហ៊ុន PP Link securities បាន​គូសបញ្ជាក់​ថា ប្រសិនបើ​ធនាគារកណ្តាល​អា​មេ​រិ​ក មានការ​កាត់​បន្ថយ​អត្រា ការ​ប្រាក់​នេះ​មែន​. នោះ​វា​នឹង​ធ្វើ​អោយប្រាក់​ដុល្លា​អា​មេ​រិ​ក​ធ្លាក់​ថ្លៃ គឺ​នៅ​ពេល​នោះ​ហើយ​មាស​ដែល​ទិញ​ដូរ​គិត​ជា​ប្រាក់​ដុល្លា​អា​មេ​រិ​ក​នឹង​មាន​តម្លៃ​ហក់​ឡើងថ្លៃ​ខ្ពស់​បន្ថែម​ទៀត យ៉ាង​ពិតប្រាកដ​៕