ឆមាសទី១ នៃឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ១៩០ ក្នុងទុនវិនិយោគសរុបប្រមាណជាង ៣,២ពាន់លានដុល្លារអាម៉េរិក

0

ភ្នំពេញ៖ គិត​ចាប់ពី​ខែមករា រហូត​ដល់​ខែមិថុនា ឆ្នាំ​២០២៤ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​គម្រោង​ថ្មី​, គម្រោង​ពង្រីក​ផលិតកម្ម​, និង​គម្រោង​វិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​សរុប​ចំនួន ១៩០​គម្រោង ដែល​មាន ទុន​វិនិយោគ​សរុប​ប្រមាណ ៣,២​ពាន់​លាន​ដុល្លារ​អាម៉េរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១៦៨.៥៧២​កន្លែង​។

បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០២៣ ការ​អនុម័ត​គម្រោង​វិនិយោគ​មានការ​កើនឡើង​ចំនួន ៧៧​គម្រោង ខណៈ​ទុន​វិនិយោគ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ដល់​ទៅ​ប្រមាណ​ជាង ២​ពាន់​លាន​ដុល្លារ​អាម៉េរិក​។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​៥ ខែកក្កដា​នេះ​។

សូម​បញ្ជាក់​ជូន​ថា ចំពោះ​គម្រោង​ដែល​មាន​ភាព​លេចធ្លោ​ប្រចាំឆមាស​ទី​១​ក្នុងឆ្នាំនេះ មាន ៨​គម្រោង ដែល​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស និង​៨​គម្រោង​ទៀត​នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​។

តាម​សេចក្តីជូនដំណឹង​ខាងលើ បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​៦​ខែ​ដដែល​នោះ ទុន​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម មាន​៥៦.៥៩% ស្មើនឹង​ជាង​១,៨០០​លាន​ដុល្លារ​, វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្សេង​ៗ មាន​២៣.១១% ស្មើនឹង​ជាង​៧០០​លាន​ដុល្លារ​, វិស័យ​ទេសចរណ៍ មាន​១៨.០៧% ស្មើនឹង​ជាង​៥០០​លាន​ដុល្លារ និង​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម មាន​២.២១% ដែល​ស្មើនឹង​ទឹកប្រាក់​ជាង ៧២​លាន​ដុល្លារ​។

ជាមួយ​គ្នា​នោះ​ចំពោះ​ប្រភព​ទុន​វិនិយោគ​វិញ កម្ពុជា​មាន ៥០.១៥% ខណៈ​ដែល​ប្រទេស​ចិន​មាន ៤២.៦៤%​។ ខេត្តកំពង់ស្ពឺ​ទទួល​បាន​គម្រោង​វិនិយោគ​ច្រើន​ជាង​ជាង​។ រីឯ​វិស័យ​កាត់​ឧស្សាហកម្ម​ការ​ដេរ មាន​រហូត​ដល់​៥១ ក្នុង​ចំណោម​គម្រោង​វិនិយោគ​សរុប​៕