ចាប់បានចោរមួយក្រុម ពាក់ព័ន្ធករណីកាប់​ប្លន់​ម៉ូតូ និង ឆក់​ទ្រព្យសម្បត្តិ​

0

ភ្នំពេញ៖ ក្មេង​ទំនើង​០១​ក្រុម មាន​រហស្សនាម DMS (​ក្រុម​ដើម​ស្តៅ​) នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ តែងតែ​ធ្វើ​សកម្មភាព កាប់​ប្លន់​ម៉ូតូ និង ឆក់​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ជា​ច្រើន​លើក​ច្រើន​សារ នៅ​សង្កាត់​ព្រែក​កំពឹស វត្ត​ឬ​ស្សី​សាញ់ ខណ្ឌដង្កោ ,​នៅ​ទួល​ពង្រ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌដង្កោ ធ្វើការ​បង្ក្រាប ជា​បន្តបន្ទាប់ បាន​ចំនួន ០៨ នាក់ និង​បាន​បញ្ជូន​ទៅ​តុលាការ នៅ​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៤​នេះ​។ ក្មេង​ទំនើង​ទាំងនេះ​រួម​មាន ១-​ឈ្មោះ ចាន់ ប្រុស​ពៅ ហៅ​ឆ្លូញ អាយុ​២០​ឆ្នាំ​, ២.​ឈ្មោះ ហ៊ឹ​ម សុខ​សេរី​វ​ឌ្ឍ​នា ហៅ​ប្រេស អាយុ​១៨​ឆ្នាំ​, ៣.​ឈ្មោះ សូ​វ៉ុ​ន រតនៈ អាយុ ១៨​ឆ្នាំ​, ៤.​ឈ្មោះ វ៉ា​ត សីហា អាយុ ១៥​ឆ្នាំ​, ៥.​ឈ្មោះ ឡុ​ង ដា​រ៉ា អាយុ ១៥​ឆ្នាំ​, ៦.​ឈ្មោះ ថន ភា​រុណ អាយុ ១៨​ឆ្នាំ​, ៧.​ឈ្មោះ ជ័យ សុខា ហៅ​ជាំ អាយុ ១៨​ឆ្នាំ​, ៨-​ឈ្មោះ ឡេ​ង វ៉ា​ន់​ឌី អាយុ ១៧​ឆ្នាំ​។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​០៨​នាក់ បាន​ឲ្យ​ដឹង​ដូច​ៗ​គ្នា​ថា ពួក​ខ្លួន និង​បក្ខពួក​ជា​ច្រើន​នាក់​ផ្សេង​ទៀត ពិតជា​បាន​ប្រព្រឹត្ត​អំពើ ឆក់​, កាប់​ប្លន់​, និង​ប្រើ​អំពើ​ហិង្សា​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ មាន​ដូច​ជា​៖ ឆក់​ទូរស័ព្ទ​ចំនួន​០២​លើក ចំណុច​ផ្លូវ ជាតិ​លេខ​៣ និង ផ្លូវ​៦០​ម៉ែត្រ កាលពី​៦​ខែ​មុន​, កាប់​ប្លន់ ម៉ូតូ​ចំនួន​០៤​លើក ចំណុច​ផ្លូវជាតិ​លេខ​៣ ជិត​ដល់​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​, ចំណុច​វត្ត​ឬ​ស្សី​សាញ់​, ចំណុច​ភូមិ​ព្រែក​កំពឹស និង​ចំណុច​ទួល​ពង និង​ធ្លាប់ វាយ​កាប់​គ្នា នៅ​សង្កាត់​ព្រែក​កំពឹស​, ផ្សារ​អ៊ី​អន​៣, ផ្លូវ​៦០​ម៉ែត្រ​, ផ្លូវ​លេខ ២១៧ ជិត​ស្រា​បៀ​កម្ពុជា​, ចំណុច​លូ​ប្រាំ និង​ម្តុំ​ទួល​ពង្រ ដែល​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស មាន​ស្រាល និង​មាន​ធ្ងន់ ផង​ដែរ​។

បច្ចុប្បន្ន​បក្ខពួក​ផ្សេង​ទៀត​របស់​ក្រុម​ពួក​គេ ដែល​កំពុង​រត់គេច​ខ្លួន សមត្ថកិច្ច​ជំនាញ អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បន្ត​៕