ជនសង្ស័យឆក់ទូរស័ព្ទដៃពីនារីរងគ្រោះកំពុងជិះម៉ូតូបានសម្រេច​ ត្រូវសមត្ថកិច្ចបង្ក្រាបបានភ្លាមៗ

0

ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង​២០៖២៥នាទី​ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដែលមានលោក​វរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ ជានាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យ​ បានដឹកនាំកម្លាំងជំនាញចុះល្បាតតាមបណ្តោយផ្លូវ​ទ្រុងមាន់ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ​ ពេលនោះក៏ប្រទះឃើញជនសង្ស័យ​​ ជិះម៉ូតូចំនួន២គ្រឿង មានគ្នាចំនួន៣នាក់ បានធ្វើសកម្មភាព​ឆក់ទូរស័ព្ទដៃពីនារីរងគ្រោះកំពុងជិះម៉ូតូបានសម្រេច​ នៅចំណុចមុខឃ្លាំងស្តុកឡាក់គី។ ភ្លាម​នោះកម្លាំងជំ​នាញ​ការិយាល័យធ្វើការប្រដេញ និងឃាត់ខ្លួនជនសង្ស័យបានទាំង៣នាក់ នៅចំណុចផ្លូវទ្រុងមាន់​ មុខផ្សារទំនើប​ ស៊ូភើស្ទ័រ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មាន៖

១.​ឈ្មោះ​ រិទ្ធី​ វីរះ​ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ​ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ១០០៤  សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ(អ្នកបើក)។

២.​ឈ្មោះ​ វី​ ឌីម៉ង់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកឥវ៉ាន់ ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ(ជនដៃដល់) ។

៣.​ឈ្មោះ​ ឡុង​ វណ្ណឌី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកឥវ៉ាន់ ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវលេខ២០០២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ(បិទគូទ) ។

សម្ភារៈដកហូតមាន៖

១.​ ម៉ូតូម៉ាកហុងដាស្តុបពី ពណ៌ខ្មៅ ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1KI-9475(របស់ជនសង្ស័យ)។

២.​ ម៉ូតូម៉ាកស៊ុយស៊ូគី-និច ពណ៌ស ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1KR-7511(របស់ជនសង្ស័យ)។

៣.​ ទូរស័ព្ទដៃម៉ាក​ អាយហ្វូន​-អ៊ិច​ ពណ៌ស​ (របស់នារីរងគ្រោះ)។

ទូរស័ព្ទដៃខាងលើកម្លាំងជំនាញបានប្រគល់ជូននារីរងគ្រោះវិញ។

បច្ចុប្បន្ន​ កម្លាំងជំនាញបាននាំជនសង្ស័យខាងលើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដើម្បីធ្វើការសាកសួរ​ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕