គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត

0

បន្ទាយមានជ័យ៖ គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ​កម្ពុជា​-​ថៃ រវាង​យោធភូមិ​ភាគ​ទី​៥(​កម្ពុជា​) និង​កងទ័ព​ភូមិភាគ​ទី​១(​ថៃ​) បាន​បើក​កិច្ចប្រជុំ​របស់​ខ្លួន​លើក​ទី​៣០ ដើម្បី​បង្កើន​កិច្ច សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ​ដែល​បាន​កសាង​ឡើង​លើ​មូលដ្ឋាន ស្មើភាព ភាតរភាព គោរព​គ្នា​ទៅ​វិញ​ទៅ​មក​សំដៅ​ពង្រឹង និង​ជំរុញ​លើកកម្ពស់​ឱ្យ​ព្រំដែន​កម្ពុជា​-​ថៃ ជា​ព្រំដែន សន្តិភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​។

កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​សណ្ឋាគារ Krungsri River ខេត្ត​ព្រះ​នគរ ស្រី​អាយុ​ធ្យា ប្រទេស​ថៃ ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៦ ខែមិថុនា ដល់​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៤​នេះ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំ​អូន មេបញ្ជាការ រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈិ​ត​សៈ​នុ​ផុង រ៉​ត​ស៊ី​រិ មេបញ្ជាការ​កងទ័ព​ភូមិភាគ​ទី​១ នៃ​ព្រះរាជាណាចក្រ ថៃ​ឡង់​ដ៍ និង​ដោយ​បានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​អភិបាល​អភិបាលរង​ខេត្ត មន្ទីរ​អង្គភាព ដែល​មានការ​ពាក់ព័ន្ធ ខេត្ត​ជាប់​ព្រំដែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ​និង​ព្រះរាជាណាចក្រ​ថៃ​ឡង់​ដ៍​។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំ​អូន មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ យោធភូមិ​ភាគ​ទី​៥ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានឱ្យ​ដឹង​ថា កិច្ចប្រជុំ​នេះ​ជា​ការ​ប្តូរ​វេន​គ្នា ក្នុង​១​ឆ្នាំ​ម្តង ធ្វើ​ជា​ម្ចាស់ផ្ទះ​ដើម្បី​ធ្វើការ​ពិភាក្សា​គ្នា​ពាក់ព័ន្ធ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ យោធា សន្តិសុខ និង​វិស័យ​ផ្សេង​ៗ​ទៀត​ឱ្យ​កាន់តែ​ល្អ​ទ្វេ​ឡើង ព្រមទាំង​ដោះស្រាយ នូវ​រាល់​បញ្ហា តាម​តំបន់​ព្រំដែន​រួម​គ្នា​ឱ្យ​បាន​ឆាប់រហ័ស ព្រមទាំង​ជំរុញ​គោលនយោបាយ ការ​ដោះស្រាយ​បញ្ហា​តាម​ព្រំដែន ឆ្ពោះទៅ​រក​ប្រក្រតី​ភាព​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង ថែម​ទៀត​។ ការ​រឹតចំណង​សម្ព័ន្ធមេត្រីភាព រវាង​ស្ថាប័ន​កងទ័ព ស្ថាប័ន​ស៊ី​វិល នៅ​តាម​បន្ទាត់ ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​មាន​ភាព​រីក​ចម្រើន​លើ​គ្រប់​វិស័យ ដែល​ជា​គុណប្រយោជន៍ សម្រាប់​ប្រជាជន​រស់នៅ​តាម​បន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ ក្នុងភូមិ​សាស្ត្រ​ទទួលខុសត្រូវ រវាង​យោធភូមិ​ភាគ​ទី​៥​កម្ពុជា ជាមួយនឹង​កងទ័ព​ភូមិភាគ​ទី​១ ថៃ​៕