បន្ទាយមានជ័យ ៖ ក្មេងប្រុសម្នាក់អាយុ១៣ឆ្នាំបាត់បង់ជីវិភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តតូយូតាព្រុសបុកពីក្រោយ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១១និង៥០នាទីព្រឹកថ្ងៃពុធ ៥ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ លើកំណាត់ផ្លូវជាតិលេខ៥ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៣២ទៅ៣៣៣ក្នុងទីប្រជុំជន ត្រង់ចំណុចលើស្ពានអូរញរ ក្នុងភូមិអូរញរ ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ៖ ក្មេងរងគ្រោះជិះកង់អាគុយឈ្មោះ លួត វុទ្ធី ភេទប្រុស អាយុ១៣ឆ្នាំ នៅភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
នគរបាលបានបញ្ជាក់ថា ៖ ដំបូងមានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រុស ពណ៌ក្រហម ផលិតឆ្នាំ២០០៥ ពាក់ផ្លាក់លេខភ្នំពេញ2AR-7330 ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ដោយមានល្បឿនលឿនលុះមកដល់ចំណុចខាងលើ បានជ្រុលចង្កូតមកស្តាំ(សង្ស័យងងុយដេក)ក៏ទៅបុកនិងកង់អាគុយ មួយ គ្រឿង ពណ៌ក្រហម ដែលធ្វើដំណើរស្របទិសគ្នាបើកបរនៅលើគន្លងម៉ូតូ ចំពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកបើកកង់អាគុយប៉ើងខ្ទាតធ្លាក់ពីលើស្ពានទៅប្រឡាយទឹកក្រោមស្ពាន ហើយបន្តបុកអូសបានចម្ងាយ១៦៥.៨០ម៉ែត្រទើបអស់ល្បឿនទៅមុខលេងរួចគ្រោះថ្នាក់តែម្តង។ ក្រោយកើតហេតុ អ្នកបើកបររថយន្តគេចខ្លួនពីកន្លែងកើតហេតុបន្សល់ទុកតែរថយន្ត ។ បច្ចុប្បន្ននគរបាលជំនាញចរាចរណ៍កំពុងស្រាវជ្រាវរកអ្នកបើកបររថយន្តចូលខ្លួនមកដោះស្រាយតាមនិតិវិធី ៕